រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងឈប់អនុវត្តការការលើកថ្ងៃឈប់សម្រាកទៅថ្ងៃបន្ទាប់ទៀតហើយសម្រាប់កម្មករនិយោជិតដើម្បីលើកស្ទួយផលិតភាពការងារឲ្យកាន់តែប្រសើរឡើងថែមទៀត។
ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីស្តីពី ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារកាលពីព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២០នៅសណ្ឋាគារសាន់វ៉េ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ការលុបការឈប់នៅថ្ងៃបន្ទាប់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យដូចដែលអនុវត្តចំពោះមន្ត្រីរាជការសាធារណៈទូទៅនេះ គឺដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជាសំដៅលើកម្ពស់ភាពប្រកួតប្រជែងទំាងក្នុងតំបន់និងសកលលោក។អូ
លោករដ្ឋមន្ត្រីបានបន្ថែមថា ការលុបការឈប់នៅថ្ងៃបន្ទាប់នេះគឺ ដើម្បីលើកកម្ពស់សង្វាក់ផលិតកម្មក៏ដូចជាផលិតភាពការងារនៅតាមរោងចក្រសហគ្រាស ក្នុងការទាក់ទាញអ្នកវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត។
យ៉ាងណាក៏ដោយលោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងនឹងពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងធានាថា ផលប្រយោជន៍របស់កម្មករនិយោជិតគ្រប់រូបមិនត្រូវបានកាត់បន្ថយ។ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យត្រីភាគីរួមមានភាគីរាជរដ្ឋាភិបាលភាគីនិយោជកនិងភាគីសហជីពរួមនឹងភាគីពាក់ព័ន្ធដ៏ទៃទៀតផ្តល់មតិយោបល់និងគំនិតល្អៗដើម្បីឲ្យវិសោធនកម្មច្បាប់ស្តីពីការងារនេះមានភាពគ្រប់ជ្រុងជ្រោយនិងអាចទទួលយកបានទាំងអស់គ្នាមុននឹងឈានទៅអនុវត្តជាផ្លូវការនាពេលខាងមុខនេះ។
លោក អ៊ិត សំហេង បានឲ្យដឹងទៀតថា ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានធ្វើការកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធនឹងវេនការងាររបស់រោងចក្រសហគ្រាស ដែលមានដំណើរការលើសពី ១វេនជាប្រចាំផងដែរ។ប៉ុន្តែនៅតែបន្តអនុវត្តបទប្បញ្ញត្តិដែលមានជាធរមានដដែលចំពោះរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងឡាញណាដែលធ្វើការលើសពី១វេនម្តងម្កាល។អូ
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ការកែសម្រួលនេះគឺក្នុងគោលគោលបំណងដើម្បីប ង្កើនភាពទាក់ទាញឧស្សាហកម្មទំនើប ដូចជារោងចក្រផលិតបរិក្ខារអគ្គិសនី, គ្រឿងអេឡិចត្រូនិច និងការកែច្នៃម្ហូបអាហារ ជាដើម និងបង្កើនការងារជូនប្រជាពលរដ្ឋ ទៅតាមជម្រើសនិងតម្រូវការជាក់ស្តែងរបស់ពួកគេ ដើម្បីទទួលបានប្រាក់ចំណូលកាន់តែប្រសើរឡើងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ដែលជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
លើសពីនេះទៅទៀត លោក អ៊ិត សំហេង បានបន្ថែមទៀតថា រាជរដ្ឋាភិបាលក៏មានការពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងារបុគ្គល ដូចការដោះស្រាយវិវាទការងាររួមដែរ ដោយសារថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដែលទទួលបានការទុកចិត្តពីគ្រប់ភាគី។
លោករដ្ឋមន្ត្រីបានបន្ថែមថាដើម្បីពង្រឹងប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទការងារនិងឆ្លើយតបនឹងតម្រូវការរបស់ភាគីវិវាទ ព្រមទាំងកាន់តែធានាបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការបើកឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយទាំងវិវាទការងារបុគ្គល គឺជាដំណោះស្រាយដ៏ប្រសើរ។
លោករដ្ឋមន្ត្រីបានអះអាងទៀតថាចំណុចខាងលើនេះ គឺជាចំណុចអាទិភាព ដែលក្រុមការងារបានសិក្សានិងរៀបចំដាក់ជូនអង្គសិក្ខាសាលាពិនិត្យនិងពិភាក្សារួមគ្នា ដើម្បីស្វែងរកនូវការឯកភាពគ្នាក្នុងការដាក់ចេញនូវដំណោះស្រាយកាន់តែល្អប្រសើរសំដៅលើកកម្ពស់សិទ្ធិការងារនិងរក្សាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាពិសេសស្របតាមវិធានការកែទម្រង់មុតស្រួចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
លោក វ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានគាំទ្រចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារនេះដោយចាត់ទុកថាគឺជាការកែទម្រង់មួយដ៏ត្រឹមត្រូវនិងជាពេលដែលស័កសមជាទីបំផុត។
លោកបានមានប្រសាសន៍ថាការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារនេះនឹងជួយថែរក្សាអ្នកវិនិយោគដែលមានស្រាប់ក៏ដូចជាទាក់ទាញ នូវអ្នកវិនិយោគថ្មីៗមកបណ្តាក់ទុករកស៊ីនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថាការធ្វើវិសោធនកម្មច្បាប់ស្តីពីការនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាកពី២៨ថ្ងៃមកនៅត្រឹម២២ថ្ងៃវិញសម្រាប់ឆ្នាំ២០២០នេះដើម្បីជួយលើកស្ទួយដល់កំណើនសេដ្ឋកិច្ចជាតិឲ្យកាន់ តែរីកចំរើនថែមទៀត៕
អត្ថបទ៖ កម្ពុជាថ្មី