ទីក្រុងឆ្នើមទាំង ៣ របស់កម្ពុជា ដែលទទួលបានជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ឆ្នាំ២០២០-២០២២ រួមមាន៖ ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ក្រុងកំពត (ខេត្តកំពត) និងក្រុងតាខ្មៅ (ខេត្តកណ្តាល)។ ពិធីទទួលជ័យលាភីនេះ បានធ្វើឡើង ក្នុងវេទិកាទេសចរណ៍អាស៊ាន នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅរដ្ឋធានីបង់ដារសិរីបេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ។
នេះជាមោទកភាពថ្មីមួយទៀត សម្រាប់ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ក្រុងកំពត ( ខេត្តកំពត ) និងក្រុងតាខ្មៅ ( ខេត្តកណ្តាល ) ដែលបានទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានប្រគល់ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដល់ទីក្រុងទេសចរណ៍ ចំនួន ២១ នៅក្នុងតំបន់តំបន់អាស៊ាន។ ក្នុងនោះ កម្ពុជាយើង មាន ៣ ទីក្រុង និងខណ្ឌ។
ការទទួលបានពានរង្វាន់នេះ ដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ នៅក្នុងតាមបណ្តាទីក្រុងរបស់អាស៊ាន ក៏ដូចជាជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តាទីក្រុងឲ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។
គួរបញ្ជាក់ថា ស្តង់ដាទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត តាំងពីឆ្នាំ២០១១ ដោយមានការគាំទ្រពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្តង់ដានេះត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្តជាផ្លូវការ កាលពីវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥។
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បាន និងកំពុងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតតំបន់អាស៊ាន សំដៅចូលរួមដល់ការជម្រុញការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន។ នេះឆ្លុះបញ្ចាំងពីតួនាទី និងការចូលរួមរបស់កម្ពុជាក្នុងតំបន់ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ swiftnews