នាថ្ងៃទី១៧ មករា ២០២០ នេះតាមរយៈក្រសួងបរិស្ថាន បានអោយដឹងថា រហូតមកទល់ពេលនេះ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា នៅមិនទាន់ឈានដល់កម្រិតប៉ះពាល់ដល់សុខភាពគួរឱ្យព្រួយបារម្ភនៅឡើយទេ ។
មន្ត្រីជំនាញ នៃក្រសួងបរិស្ថានបាន និងកំពុងបន្តតាមដានលើគុណភាពខ្យល់បន្ថែមទៀត ហើយការកើនឡើងកំហាប់និចល PM2.5 ក្នុងខ្យល់នេះ មិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេ ប៉ុន្តែនិន្នាការ នៃកំណើននេះ មាននៅក្នុងបណ្តាប្រទេសផ្សេងទៀត នៅក្នុងតំបន់ ។
ទោះជាយ៉ាងណា ក្រសួងបរិស្ថាននឹងធ្វើការជូនដំណឹងជាបន្តបន្ទាប់ដល់សាធារណជនឱ្យបានជ្រាបអំពីការវិវឌ្ឍថ្មីៗ ជុំវិញស្ថានភាពគុណភាពខ្យល់នៅប្រទេសកម្ពុជា ។
ក្រសួងបរិស្ថាន បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានទាំងឡាយទាក់ទងនឹងស្ថានភាពគុណភាពខ្យល់របស់ប្រទេសកម្ពុជា ដែលមិនចេញពីប្រភពក្រសួងបរិស្ថាន ជាព័ត៌មានមិនផ្លូវការឡើយ ។
ក្រសួងបរិស្ថានសូមជូនដំណឹងដល់សាធារណជន អំពីស្ថានភាពគុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ផ្អែកតាមលទ្ធផលត្រួតពិនិត្យបង្ហាញថា គុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញមានកម្រិតល្អប្រសើរ ៕
អត្ថបទ៖ kbn