អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា មិនមា នករ ណីនាំចូលជ្រូកពីវៀតណាម មកកម្ពុជាឡើយ ហើយការចោ ទប្រកា ន់មកលើ អាជ្ញាធរ និងសមត្ថកិច្ច ជាការ យល់ ច្រឡំប៉ុណ្ណោះ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ដូច្នេះថា ចាប់តាំងពីដើមឆ្នាំ២០១៩ មកប្រទេសវៀតណាម បានទទួលរងនូវការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក និងបានរីករាលដាលស្ទើរទូទាំងប្រទេស ធ្វើឲ្យការចិញ្ចឹមជ្រូកមានការថយចុះ ហើយការផ្គត់ផ្គង់សាច់ជ្រូក មិនបានគ្រប់តម្រូវការទីផ្សារ តម្លៃសាច់ជ្រូកចេះតែកើនឡើងជាលំដាប់ ដែលតម្រូវឲ្យមានការនាំចូលជ្រូកពីបរទេស ដើម្បីបំពេញតម្រូវការខ្វះខាត។
ព្រះជាណាចក្រកម្ពុជា ជាប្រទេសនាំជ្រូកឆ្លងកាត់ពីប្រទេសថៃ ទៅប្រទេសវៀតណាម ស្របតាមច្បាប់របស់កម្ពុជា ដែលក្រុមហ៊ុនស្របច្បាប់ បានទទួលគោលការណ៍ អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានលិខិតអនុញ្ញាតដឹកជញ្ជូនឆ្លងកាត់ ចេញដោយអគ្គនាយកដ្ឋាននាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងមានវិញ្ញាបនបត្របញ្ជាក់អនាម័យសត្វពីប្រទេសនាំចេញ ដើម្បីផ្គត់ផ្គង់នៅទីផ្សារបរទេសវៀតណាម។
សេចក្ដីប្រកាសព័ត៌មាន ដដែលបានបញ្ជាក់ទៀតថា ការពិត មិនមានករណីនាំចូលជ្រូកពីវៀតណាមមកកម្ពុជាឡើយ ព្រោះជ្រូកនៅប្រទេសវៀតណាម មានតម្លៃថ្លៃជាងនៅកម្ពុជា ហើយកំពុងខ្វះខាតខ្លាំង អ្វីដែលអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដឹងហើយតែងតែតាមដានតម្លៃទីផ្សារ ជ្រូកជាមួយសមាគមចិញ្ចឹមសត្វ គឺនៅវៀតណាមតម្លៃជ្រូករស់នៅពេលនេះ ចន្លោះថ្លៃពី៣.៥ដុល្លារ ដល់៤ដុល្លារអាមេរិក (១៤,០០០រៀល ដល់១៦,០០០រៀល) ក្នុងមួយគីឡូក្រាម ចំណែកនៅកម្ពុជាតម្លៃចន្លោះពី១១,០០០រៀល ទៅ ១២,០០០រៀល ក្នុងមួយគីឡូក្រាម ទៅតាម័ទីតាំងផ្សេងគ្នា។
នៅពេលបច្ចុប្បន្ននេះ ជ្រូកឆ្លងកាត់ពីប្រទេសថៃទៅប្រទេសវៀតណាមចន្លោះពី ៣,៥០០ក្បាល ទៅ ៧,០០០ក្បាលក្នុងមួយថ្ងៃ។ ជាក់ស្ដែងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ជ្រូកចំនួន៤,៥០០ក្បាល ត្រូវបាននាំពីប្រទេសថៃទៅប្រទេសវៀតណាម។
សេចក្ដីប្រកាសព័ត៌មានខាងលើ លើកឡើងថា ករណីនាំជ្រូកចេញពីវៀតណាមត្រលប់មកកម្ពុជាវិញ៖ មានករណីនៃការដឹកជ្រូកមកពីប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់តំបន់នានា នៅប្រទេសវៀតណាម, ជ្រូកមួយចំនួនត្រូវបានដឹកជញ្ជូន ដល់គោលដៅ ដើម្បីផ្គត់ផ្គង់ទីផ្សារ ជាមួយគ្នានេះដែរជ្រូកមួយចំនួនទៀត
ត្រូវបានភាគីវៀតណាម មិនអនុញ្ញាតដោយដឹកឆ្លងកាត់តំបន់ផ្ទះជំងឺ (តាមគោលការណ៍អង្គការ សុខភាពសត្វពិភពលោករាល់ចរាចរសត្វ និងផលិតផលសត្វ ចេញចូលតំបន់ផ្ទះជំងឺសត្វ ត្រូវបានហាមឃាត់ក្នុងរង្វង់កាំ១០គីឡូម៉ែត្រពីចំណុចផ្ទុះជំងឺ) ហើយជ្រូកទាំងនោះ បានត្រូវបង្វិលដឹកជញ្ជូនត្រលប់ចូលមកកម្ពុជាវិញ។ មូលហេតុនេះហើយ ដែលធ្វើឲ្យមានការភាន់ច្រឡំថា កម្ពុជានាំចូលជ្រូកពីវៀតណាម។
គួរបញ្ជាក់ថា ការចេញសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខាងលើនេះ ធ្វើឡើង ក្រោយពីសារព័ត៌មានមួយចំនួន និងវិទ្យុបរទេសនិយាយភាសាខ្មែរ បានធ្វើការចុះផ្សាយ និងផ្សព្វផ្សាយផ្សាយព័ត៌មាន ចោទប្រកាន់មកលើមន្ត្រី មានសមត្ថកិច្ច ពិសេសអាជ្ញាធរខេត្តតាកែវ និងឈ្មួញវៀតណាម សហការគ្នាត្រៀមនាំជ្រូកចូលគ្មានត្រួតពិនិត្យ មុនចូលឆ្នាំចិន៕
អត្ថបទ៖ កម្ពុជាថ្មី