នាពេលកន្លងមក ឃើញថា ប្រជាពលរដ្ឋខ្លះ បានសម្តែងការមិនសូវពេញចិត្តចំពោះមន្ត្រីប៉ុស្តិ៍នគរបាលទាំង១០ នៃក្រុងតាខ្មៅ ខេត្តកណ្តាល ដែលហាក់បីដូចជាមិនបានបំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ អោយបានល្អសោះឡើយ ។
ដើម្បីដោះស្រាយបញ្ហានេះ លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដែលទើបឡើងកាន់តំណែងថ្មី បានប្រកាសសាធារណៈ ថា បើសិនមន្ត្រីប៉ុស្តិ៍ណាម្នាក់មានភាពអសកម្ម សូមពលរដ្ឋជូនដំណឹងមក លោកនឹងចាត់វិធានការ ភ្លាម ។
លោកវរសេនីយ៍ទោ យី វណ្ណដា ថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី១៧ ខែមករា នេះ ថា ដើម្បីក្តីសុខប្រជាពលរដ្ឋ ជុំវិញបញ្ហាសន្តិសុខ និង សុវត្ថិភាព លោកសូមប្រកាសជាសាធារណៈ ថា បើសិនជាមានករណីមន្រ្តីប៉ុស្តិ៍ណាម្នាក់ដែលមានភាពអសកម្ម មិនយកចិត្តទុកដាក់ក្នុងការបម្រើសេវាដល់បងប្អូន ប្រជាពលរដ្ឋ សូមទូរស័ព្ទមកលេខលោកផ្ទាល់ គឺ 097 6555222 និង 016607888 ។
លោកអធិការក្រុងតាខ្មៅ បន្តថា ពេលទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ហើយ លោកនឹងចាត់វិធានការជាបន្ទាន់ ។ បញ្ហានេះ ប្រជាពលរដ្ឋ ក្នុងក្រុងតាខ្មៅ បានសម្តែងការសាទរ ចំពោះចំណាត់ការនេះផងដែរ ។
សូមបញ្ជាក់ថា នៅក្រុងតាខ្មៅ មានប៉ុស្តិ៍នគរបាលចំនួន១០ គឺ ប៉ុស្តិ៍ តាខ្មៅ , ដេីមមៀន , ព្រែកឫស្សី , ព្រែកហូរ , កំពង់សំណាញ់ , តាក្តុល , រកាខ្ពស់ , ស្វាយរលំ , កោះអន្លង់ចិន និង ប៉ុស្តិ៍សិត្បូ ៕
អត្ថបទ៖ clicknews