គម្រោងវិនិយោគនេះ បានលើកឡើងដោយលោក Li Zheng ប្រធានវិទ្យាស្ថានដំណាំកសិកម្មទូទាំងប្រទេសចិន និងក្រុមហ៊ុនវិនិយោគរបស់រដ្ឋចិន ក្នុងពេលចូលជួបសម្ដែងការគួរសមជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងគោលបំណងមកធ្វើការសិក្សាស្រាវជ្រាវដើម្បីធ្វើការដាំដុះដំណាំកប្បាសនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។
លោក បន្តថា សម្រាប់ជំហ៊ានដំបូង នឹងធ្វើការដាំដុះក្នុងខេត្តកំពង់ស្ពឺ លើផ្ទៃដី ១០ម៉ឺនហិចតា ហើយបើជោគជ័យ នឹងបន្តធ្វើដាំដុះនៅតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា។ ការជ្រើសរើសយកប្រទេសកម្ពុជា ក្នុងកាដាំដុះដំណាំកប្បាសនេះ គឺដើម្បីជួយដល់ប្រជាកសិករ កាត់បន្ថយភាពក្រីក្រ និងបង្កើនចំណូលថវិកាជាតិថែមទៀតផង ជាពិសេសក៏ជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរមកកម្សាន្តផងដែរ នៅពេលដែលកប្បាសចេញផ្កា។
លោកប្រធានវិទ្យាស្ថានរូបនេះ បានអោយដឹងទៀតថា ការវិនិយោគលើដំណាំកប្បាសនេះ គឺខាងភាគីចិន ជួយធ្វើការបណ្តុះបណ្តាលការងារបច្ចេកទេស ផ្តល់ពូជ ជី និងការថែទាំ ដល់ប្រជាកសិករខ្មែរ ហើយពេលប្រមូលផល គឺលក់មកឱ្យក្រុមហ៊ុនតែម្តង។ ចំពោះដំណាំកប្បាសនេះ គឺមានតំលៃថ្លៃជាងការដំណាំស្រូវ ហើយវាមានភាពងាយស្រួលដាំ ដែលអាចរកចំណូលបានខ្ពស់ សម្រាប់កសិករ។ គម្រោងដំាកប្បាសនេះ នឹងអាចដំណើរការក្នុងពេលឆាប់ៗ បន្ទាប់ពីក្រុមហ៊ុន ធ្វើការចុះអនុស្សារណៈជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ នៅពេលខាងមុខនេះ។
លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការស្វាគមន៏ចំពោះគម្រោងការដាំដំណាំកប្បាស នៅក្នុងប្រទេសកម្ពុជា ពីសំណាក់ក្រុមហ៊ុនរបស់ប្រទេសចិន។ ក្នុងនោះ លោក បានសន្យាក្នុងការជួយសម្រួល និងធ្វើទំនាក់ទំនងជាមួយផ្នែកពាក់ពន្ធ័នានា ដើម្បីពន្លឿនកិច្ចការងារនេះ ឱ្យបានដំណើរការឆាប់រហ័ស។
តាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា វឌ្ឍនភាពទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិន កាលពីឆ្នាំ២០១៧ សម្រេចបានទឹកប្រាក់ ៥ប៊ីលានដុល្លារ តាមផែនការកំណត់ ព្រមទាំងផែនការបង្កើនឱ្យបានដល់ ៦ប៊ីលានដុល្លារ នៅឆ្នាំ២០២០ និង ១០ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២៣៕
អត្ថបទ៖ clicknews