ពិតជាមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានដឹកនាំកម្លាំងចុះរុះរើ សំអាត ទីតាំងមួយចំនួនដែលលក់ដូរនៅលើឆ្នេរខ្សាច់ ស្រាប់តែប្រទះឃើញរណ្ដៅបង្គន់សម្រាប់ផ្ទុកលាមកមនុស្ស ១៣៦ កន្លែងឯណោះ ។
ថ្នាក់ដឹកនាំនៃខេត្តជាប់ឆ្នេរសមុទ្ររូបនេះបានបង្ហាញការខ្វល់ខ្វាយជាខ្លាំង បន្ទាប់ពីឃើញបង្កន់លាមកយ៉ាងច្រើននៅលើឆ្នេរខ្សាច់ដែលជាតំបន់ទេសចរណ៍បែបនេះ ។ លោកបានសរសេរសារមួយនៅលើទំព័រហ្វេសប៊ុកផេកថា ៖ «ក្រោយពេលសំអាត សំរាម អំពីការលក់ដូរ នៅឆ្នេរ អូត្រេះរួច គឺនៅសល់រណ្ដៅ បង្គន់លាមក ចំនួន ១៣៦ រណ្ដៅ ។ សុំជំនួយបច្ចេកទេសតើធ្វើបែបណាដើម្បីកុំឱ្យរណ្ដៅនេះបង្ករផលប៉ះពាល់ ? បើនៅបន្តទៀត តើឆ្នេរសាធារណៈរបស់យើង ទៅជាយ៉ាងណា» ?
ចាប់តាំងពីថ្ងៃដែលឯកឧត្ដម គួច ចម្រើន បានមកធ្វើជាអភិបាលខេត្តព្រះសីហនុ លោកបានជួបប្រទះបញ្ហាជាច្រើនដោះស្រាយមិនចេះចប់ ។ បច្ចុប្បន្នលោកកំពុងកែលម្អលើហេដ្ឋារចនាសម័ន្ធជាច្រើនឱ្យវិលមករកភាពប្រក្រតីវិញ បន្ទាប់ពីផ្លូវជាច្រើនខ្សែបានរងការខូចខាតជាខ្លាំង ។ ក្នុងនោះដែរបញ្ហាបរិស្ថាន គឺជាបញ្ហាដ៏ប្រឈមបំផុតដែលលោកកំពុងខិតខំដោះស្រាយជារៀងរាល់ថ្ងៃ ។ យ៉ាងណាសង្ឃឹមថា ទឹកដីព្រះសីហនុ នឹងវិលត្រឡប់មកល្អប្រសើរឡើងវិញក្នុងដ៏ខ្លីខាងមុខនេះ ៕
អត្ថបទ៖ប្រជាប្រិយ