នាវាមុជទឹករបស់កងទ័ពជើងទឹកប្រជាជនវៀតណាម មានចំនួនសរុប ៦គ្រឿង ដែលនេះគឺជាតួលេខច្រើនដាច់គេក្នុងចំណោមបណ្ដាប្រទេសនានានៅអាស៊ាន។ នាវាមុជទឹកទាំងអស់ត្រូវបានទិញពីប្រទេសរុស្ស៊ី ក្រោយកិច្ចសន្យាទិញលក់ Project 636MV កាលពីឆ្នាំ២០០៩ នាអំឡុងទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung នៅរុស្ស៊ី។
តម្លៃនាវាមុជទឹកទាំង៦គ្រឿងម៉ាក Kilo មានចំនួន ៣,២ពាន់លានដុល្លារ ដោយក្នុងនោះថ្លៃសាងសង់ចំនួន ២,១ពាន់លានដុល្លារ (៣៥០លានដុល្លារក្នុង១គ្រឿង) និងថ្លៃសេវាកម្មផ្សេងៗចំនួន ១,១ពាន់លានដុល្លារ ដែលរាប់បញ្ចូលថ្លៃរៀបចំហេដ្ឋារចនាសម្ពន្ធ ថ្លៃបំពាក់អាវុធ រួមទាំងថ្លៃហ្វឹកហាត់ ជាដើម។ ទំហំទឺកប្រាក់ដ៏ច្រើននេះ គឺជាកំណត់ត្រាលក់នាវាមុជទឹកដ៏ធំបំផុតមួយមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់រុស្ស៊ី។ នាវាមុជទឹកដំបូងបានមកដល់ដែនទឹកវៀតណាម កាលពីខែមករា ឆ្នាំ២០១៤ ឯចុងក្រោយបំផុតគឺនៅខែមករា ឆ្នាំ២០១៧។
នាវាមុជទឹក Kilo មានទម្ងន់ជាមធ្យមចន្លោះពី ២៣០០តោន ដល់ ២៣៥០តោន បើគិតនៅលើផ្ទៃទឹក តែបើនៅពេលជ្រមុជចុះក្រោមទឹក វាអាចមានទម្ងន់ដល់ ៣០០០តោន ទៅ ៤០០០តោន។ ជម្រៅដែលមុជបានជាអតិបរមាគឺ ៣០០ម៉ែត្រ ឯប្រតិបត្តិការជាទូទៅធ្វើឡើងនៅត្រឹម ២៤០ម៉ែត្រ ទៅ ២៥០ម៉ែត្រប៉ុណ្ណោះ។ ចំពោះល្បឿនវិញ ពេលនៅលើផ្ទៃទឹក វារត់បានពី ១៨ ដល់ ២២គីឡូម៉ែត្រក្នុង១ម៉ោង ហើយនៅពេលចូលក្រោមទឹករត់បានពី ៣១ ដល់ ៤៦គីឡូម៉ែត្រក្នុង១ម៉ោង។ Kilo អាចជ្រមុជទឹកម្ដងរយៈពេល ៤៥ថ្ងៃ៕
អត្ថបទ៖ ខ្លីៗ