មិនមែនជីវិតរបស់នាយករដ្ឋមន្រ្ដីទាំងអស់សុទ្ធតែដូចគ្នាទេ ជាពិសេសប្រទេសជប៉ុនដែលត្រូវបានគេស្គាល់ថាជាប្រទេសដែលមានប្រជាជនភាគច្រើនរស់នៅដោយសាមញ្ញជាទីបំផុត ទោះបីជាប្រទេសនេះស្ថិតនៅក្នុងមហាអំណាចសេដ្ឋកិច្ចក៏ដោយ ជាក់ស្ដែងលោក Tomiichi Murayama ជានាយករដ្ឋមន្រ្តីជប៉ុនទី៥២ តាំងពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ១៩៩៤ រហូតដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ១៩៩៦ ហើយក្រោយពេលចប់អាណត្តិជានាយករដ្ឋមន្ត្រីជប៉ុន ហើយបន្ទាប់ពីចប់ភារៈកិច្ចជាតំណាងរាស្ត្រ បាននាំគ្រួសារទាំងមូលមករស់នៅស្រុកកំណើតនៅ Oita ចំណុះកោះ Kyushu ប្រទេសជប៉ុន។
ជារៀងរាល់ព្រឹកអតីតនាយករដ្ឋមន្រ្ដីរូប អាយុ៩០ឆ្នាំ រូបនេះតែងតែជិះកង់ដើម្បីទៅផ្សារ លោកពោលថាៈ ភរិយាខ្ញុំឈឺចង្កេះ ទើបខ្ញុំជិះកង់មកទិញម្ហូបអាហារ ។លោក Murayma ប្រាប់ថា៖ ផ្ទះនេះសាងសង់តាំងពី ១៣០ ឆ្នាំ មុនម្ល៉េះ ហើយនៅពេលអាមេរិកទម្លាក់គ្រាប់បែកអំឡុងឆ្នាំ១៩៤៥ លើក្រុងមួយនេះ វារងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ តាមគិតខ្ញុំ វាជាផ្ទះមានភព្វសំណាង ទើបខ្ញុំទិញវា។
ឈានជើងចូលដល់ក្នុងផ្ទះ ស្ត្រីចំណាស់សាមញ្ញម្នាក់បង្ហាញភាពរាក់ទាក់ ឱនក្បាលគោរព។ កាន់តែគិតពុំដល់ថា នេះជាអតីតស្ត្រីទី១របស់ជប៉ុន ហើយប្រការដែលគួរឲ្យកត់សម្គាល់នោះ គឺផ្ទះនេះពុំឃើញមានអង្គរក្សការពារ ហើយក៏គ្មានប្រព័ន្ធឃ្លាំមើលទំនើបអ្វីទេ ហើយក៏គ្មានអ្នកបម្រើណាម្នាក់ដែរ។ អ្នកខ្លះសួរថាៈ «នាយករដ្ឋមន្ត្រីជប៉ុន ពេលចូលនិវត្តន៍ តើទទួលបានរបបពិសេសអ្វីដែរ?» ។ លោក Murayama ឆ្លើយថាៈ «គ្មានរបបពិសេសអ្វីទាំងអស់!!»។
ជាការពិតណាស់ប្រធានាធិបតីអាមេរិក តែងទទួលបានរបបពិសេសៗ ក្រោយពេលចូលនិវត្តន៍ ជាអាទិ៍ៈ កងការពារ, ប្រាក់សោធននិវត្តន៍ខ្ពស់…. ថែមទាំងថវិកាសំរាប់ការសាងសង់បណ្ណាល័យមួយទៀតផងដែរ។ ចំណែកជប៉ុនវិញ គឺពុំមានអ្វីទាំងអស់ ពោលគឺដូចពលរដ្ឋធម្មតាដែរ ហើយពេលមានជំងឺ ត្រូវទៅមន្ទីរពេទ្យពិនិត្យព្យាបាល ហើយបង់ថ្លៃសេវា ៣០% ពី «ហោប៉ៅ» របស់ខ្លួនដូចពលរដ្ឋដទៃដែរ ៕