មន្ត្រីឧទ្យាននុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានប្រទះឃើញកូនដំរីមួយក្បាលនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដោយការសង្ស័យថា កូនដំរីនេះប្រហែលជាវង្វេងហ្វូង។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាននៅលើផេកហ្វេសបុក នាយប់ថ្ងៃសៅរ៍នេះ។អូ
តាមការបញ្ជាក់ពីរដ្ឋមន្ត្រីបរិស្ថានដដែលបានឱ្យដឹងទៀតថា បន្ទាប់ពីប្រទះឃើញកូនដំរីនេះ ក្រុមមន្ត្រីជំនាញបានកំពុងសង្គ្រោះ បន្តថែទាំ ផ្តល់ចំណីដល់កូនដំរី ដោយការយកចិត្តទុកដាក់នៅនឹងកន្លែង ដោយសង្ឃឹមថា ហ្វូងរបស់ដំរីតូចនេះនឹងវិលមករកកូនដំរីនេះវិញ។
សូមជម្រាបថា យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រសួងបរិស្ថាន និងអង្គការជំនាញសត្វព្រៃ WWF បានឱ្យដឹងថា ដែនជម្រកសត្វព្រៃភ្នំព្រេច ជាតំបន់ធម្មជាតិដែលលាក់សត្វព្រៃយ៉ាងតិច ៣០ប្រភេទ ដ៏គួរឱ្យភ្ជាក់ផ្អើល ហើយមួយចំនួនធំគឺជាសត្វក្នុងបញ្ជីនៃអង្គការអភិរក្សធនធានធម្មជាតិអន្តរជាតិ (IUCN)។ របាយការណ៍ដដែលបង្ហាញថា សត្វព្រៃដែលកំពុងលាក់ខ្លួនទាំងនោះរួមមាន ដំរីអាស៊ី ខ្លារខិន ខ្លាពពក ឆ្មាព្រៃ ឆ្មាដាវ ខ្លាភ្ញីថ្មកែវ ទន្សោង ខ្ទីង ប្រើស រម៉ាំង ឈ្លូស ឆ្កែព្រៃ ឆ្កែចចក ទោច ថ្ពាល់លឿង ស្វាកន្ទុយស ស្វាព្រាម ស្វាអង្កត់ ស្វាក្តាម បក្សីត្រយ៉ងយក្ស ត្រយ៉ងចំកំកស ទាព្រៃស្លាបស ក្ងោក ត្មាតភ្លើង ត្មាតត្នោត ត្មាតប្រផេះ ក្រពើត្រី ក្រពើភ្នំ អណ្តើកព្រេច អន្សងជាដើម។
ដែនជម្រកសត្វព្រៃភ្នំព្រេច មានទីតាំងស្ថិតនៅចន្លោះដែនជម្រកសត្វព្រៃស្រៃពក និងដែនជម្រកសត្វព្រៃកែវសីមា ហើយដែនជម្រកដែលមានផ្ទៃដីប្រមាណជាង២ម៉ឺនគីឡូម៉ែត្រក្រឡានេះ ត្រូវបានបង្កើតឡើងដោយព្រះរាជ្យក្រឹត្យនៅឆ្នាំ១៩៩៣។
ក្រៅតែពីដែនជម្រកសត្វព្រៃដែលជាបណ្តុំនៃសត្វជាច្រើនប្រភេទហើយនោះ ដែនជម្រកសត្វព្រៃភ្នំព្រេច ក៏មានសារសំខាន់ដ៏ធំធេងខាងផ្នែកវប្បធម៌ សេដ្ឋកិច្ច និងសង្គម សម្រាប់សហគមន៍មូលដ្ឋានដែលរស់នៅទីនោះ ពីព្រោះប្រជាពលរដ្ឋពឹងអាស្រ័យលើធនធានធម្មជាតិក្នុងព្រៃ ហើយធនធាននៅក្នុងដែនជម្រកនេះផ្តល់ចំណូលជាច្រើនដល់គ្រួសាររបស់គេ៕
អត្ថបទ៖ CEN