នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ ក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបំពាក់គ្រឿងឥស្សរិយយសមិត្តភាព ជូនប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃបណ្តាអង្គភាពពាក់ព័ន្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងទាំងពីរ ក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខជូនជាតិមាតុភូមិ និងប្រជាជន។
ពិធីបំពាក់គ្រឿឥស្សរិយយសនេះ ធ្វើឡើងក្នុងឱកាសនៃដំណើរនៃទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា។
សូមរំឭកថា សម្តេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២០។
ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៩ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២០ សម្រាប់អនុវត្តបន្ត ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្តោតសំខាន់លើការលើកកម្ពស់តួនាទី និងភារកិច្ចកងកម្លាំងនគរបាល ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ៕
អត្ថបទ៖ swiftnews