មន្ត្រីបម្រើការងារក្នុងមន្ទីរមុខងារសាធារណៈខេត្តឧត្តរមានជ័យ ម្នាក់ បានរងការចោទប្រកាន់ថា បានប្រមូលបានប្រាក់ពីប្រជាពលរដ្ឋជាង១០ម៉ឺនដុល្លារ ជាថ្នូរនឹងរត់ការចូលធ្វើជាមន្រ្តីក្របខណ្ឌស៊ីវិលបម្រើការងារនៅមន្ទីរមុខងារសាធារណៈក្នុងខេត្តឧត្តរមានជ័យ តែដឹងអី ក្រោយពីបានលុយដល់ដៃស្រាប់តែរត់គេចខ្លួនបាត់ស្រមោលឈឹង។
មន្ត្រីដែលរងការចោទប្រកាន់នេះ ត្រូវបានគេស្គាល់ឈ្មោះ អ៊ឹម អន មានស្រុកកំណើតនៅ ភូមិដងប្លៀក ឃុំដួង ស្រុកស្ទោង ខេត្តកំពង់ធំ កើតឆ្នាំ ១៩៨៩ និងឋានៈអនុប្រធានការិយាល័យមួយក្នុងមន្ទីរមុខងារសាធារណៈ ខេត្តឧត្តរមានជ័យ បានរងការចោទប្រកាន់ថា បានប្រមូលលុយជាង១០ម៉ឺនដុល្លា ពីជនរងគ្រោះចំនួន១២នាក់ ដែលទើបប្រឡងបាក់ឌុបជាប់ក្នុងឆ្នាំកន្លងទៅ ក្នុងម្នាក់ៗចំនួន៦៥០០ដុល្លារ សម្រាប់បំពេញសំណុំបែបបទឯកសារ ដាក់ជូនទៅក្រសួងមុខងារសាធារណៈ ដើម្បីចូលបម្រើក្របខ័ណ្ឌក្រសួង ហើយត្រូវប្រកាសឈ្មោះក្នុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ តែដឹងអី ក្រោយពីប្រមូលលុយបាន ស្រាប់តែមន្ត្រីខាងលើ បានបាត់ខ្លួនឈឹង មិនឃើញមកធ្វើកាសរ ហើយទូរស័ព្ទក៏ទាក់ទងមិនបាន។
លោក អ៊ុក ឧត្តម ប្រធានមន្ទីរមុខងារសាធារណៈខេត្តនេះ បានប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងនៅថ្ងៃ ទី២០ ខែមករា នេះថា លោកទទួលស្គាល់់ឈ្មោះ អ៊ឹម អន ជាមន្ត្រីបម្រើការក្នុងមន្ទីរមុខងារសាធារណៈ តែពាក់់ព័ន្ធការជ្រើសរើសមន្ត្រីចូលក្របខណ្ឌបម្រើការងារមន្ទីរនេះ គឺលោកមិនដឹងទេ ។ តែលោកបញ្ជាក់ថា បើមន្ត្រីណាធ្វើខុសគោលការណ៍ នឹងទទួលទោសតាមច្បាប់ដោយខ្លួនឯង។
ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ « KBN» មិនដឹងថា មានការពិតកម្រិតណាទេ ព្រោះមិនអាចទាក់ទងសុំការបកស្រាយពីលោកអ៊ឹន អន ជាសាមីខ្លួនបាន តែយ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
អត្ថបទ៖ kbn