កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មន្ត្រីមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងកម្លាំងនគរបាលស្រុកវាលវែង បានចុះបង្ក្រាបករណីឈូសឆាយរុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋលក់ ដោយខុសច្បាប់ នៅចំណុចតំបន់អណ្តូងស្រុក ស្ថិតក្នុងភូមិសំឡាញ់ ឃុំក្រពើពីរ ស្រុកវាលវែង ដោយសមត្ថកិច្ចឈានដល់ចាប់ខ្លួនបុរសមេភូមិម្នាក់ និងគូកនម្នាក់ទៀតនាំមកចាត់ការតាមផ្លូវច្បាប់។
លោកធាង ឡេង អធិការនគបាលស្រុកវាលវែង បានប្រាប់អ្នកកាសែតក្នុងស្រុកឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ ទី១-ឈ្មោះពេញ សារ៉ន ភេទប្រុស អាយុ៤៩ឆ្នាំ ជាមេភូមិសំឡាញ់ និងទី២-ឈ្មោះវង់ ផល្លា ភេទប្រុស អាយុ៥០ឆ្នាំ ជាមេការចាំដី និងជាអ្នកជួលគ្រឿងចក្រឈូសឆាយដីនៅតំបន់ខាងលើ។
លោកអធិការបញ្ជាក់ថា ជនសង្ស័យទាំង២ខាងលើ ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសឈូសឆាយរុករានទន្ទ្រានដីព្រៃរបស់រដ្ឋទំហំ១៦៩ហិកតារ នៅចំណុចតំបន់អណ្តូងស្រុក ស្ថិតក្នុងភូមិសំឡាញ់ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីលក់និងទិញដោយខុសច្បាប់។ ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវតាមចាប់ខ្លួនបក្ខពួកពាក់ព័ន្ធមួយចំនួនទៀត។
ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកវាងវែង បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ kbn