ក្នុងឆ្នាំ២០១៩កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពន្ធបានចំនួន ១២៣.២០% នៃផែនការដែលកំណត់ដោយច្បាប់ក្នុងឆ្នាំ២០១៩ ដែលទទួលបានទឹកប្រាក់ពន្ធចំនួន ១១,២៧៧.៣២ ប៊ីលានរៀល គិតជាដុល្លារប្រមាណ ២,៨១៩.៣៣ លានដុល្លារអាមេរិក។
ចំណូលពន្ធដារនេះ មានកើនឡើង ២៨.២៨% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ ស្មើនឹងទឹកប្រាក់ពន្ធចំនួន ២,៤៨៥.៩២ ប៊ីលានរៀល គិតជាដុល្លារប្រមាណ ៦២១.៤៨ លានដុល្លារអាមេរិក។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ចំណូលនេះជាកត្តាមួយសម្រាប់ប្រទេសកម្ពុជា ដែលមានភាពអំណោយផលនូវសុខសន្តិភាព ដែលមិនធ្លាប់មាននោះទេនូវទំហំចំណូលដ៏ច្រើនបែបនេះ។
លោកបន្តថា សន្តិភាពនេះ ជាកត្តាមួយដែលធ្វើឲ្យមានភាពអំណោយផលដល់សេដ្ឋកិច្ចកម្ពុជា និងចំណូលផង ប្រសិនបើគ្មានសុខសន្តិភាព គ្មានស្ថេរភាពនយោបាយ គ្មានស្ថេរភាពនៃម៉ាក្រូសេដ្ឋកិច្ចទេ គឺ ពន្ធដារ មិនមាន កំណើន ដូចឆ្នាំ ២០១៩ នេះទេ៕
អត្ថបទ៖ សៀមរាបប៉ុស្តិ៍