ប្រជាកសិករ និងឈ្មួញមួយចំនួននៅខេត្តតាកែវ និងខេត្តព្រៃវែង លើកឡើងពីការលំបាករបស់ពួកគាត់ថា តម្លៃស្រូវប្រែប្រួលទៅតាមមាត់របស់ឈ្មួញវៀតណាម ធ្វើឱ្យពួកគាត់ខាតបង់ទាំងអ្នកដាំដុះ និងអ្នកទិញយកទៅលក់បន្ត។
ឈ្មួញកណ្តាលនៅស្រុកគីរីវង់ លោក ឈួន ង៉ែត បាននិយាយថា ស្រូវ ER មួយគីឡូក្រាម ថ្លៃ៧០០រៀល និងស្រូវ OM មួយគីឡូក្រាម តម្លៃ៧៣០រៀល។ លោកថា តម្លៃស្រូវឡើង ឬចុះ អាស្រ័យលើឈ្មួញវៀតណាមជាអ្នកកំណត់។
លោកមានប្រសាសន៍ថា៖ «គេចាំយកពីយើងនៅព្រំដែន ឃ្លាំងគេចាំយកពីយើងនៅកន្លែងហ្នឹង ទៅដល់គេថា ស្រូវយើងអន់ចឹងទៅ ហាងឆេងវាធ្លាក់ចុះស្រេចតែនៅលើគេ គេយក ឬមិនយក យើងដឹកយកមកវិញហាល យើងលក់ឱ្យវៀតណាម ព្រោះខាងរោងម៉ាស៊ីនយើង អត់មានអ្នកណាទីផ្សារទិញផង»។
កសិករនៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ អ្នកស្រី ពៅ ញ៉ ឲ្យដឹងថា តម្លៃស្រូវឆ្នាំនេះធ្លាក់ចុះ ធ្វើឲ្យពួកគាត់ជួបបញ្ហាប្រឈមច្រើនក្នុងជីវភាពគ្រួសារ។
មានប្រសាសន៍ថា៖ «មួយរដូវ [ច្រូតកាត់ស្រូវ] ជួនណាបានតែ២លានរៀល ជួនណាខាត ដោយសារជួលគេ រះ ភ្ជួរ បាញ់ថ្នាំ ជី តម្លៃនៅ៧៣០រៀល វាខាត»។
រីឯប្រជាកសិករនៅភូមិមេមល់ ឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង លោក ឈួន ម៉េងឡុង ឯណោះវិញ បានបង្ហាញអំពីក្ដីបារម្ភស្រដៀងនឹងប្រជាកសិករនៅខេត្តតាកែវដែរថា កាលពីឆ្នាំមុន ស្រូវអាចលក់បានក្នុង១គីឡូបាន៨០០រៀល ចំណែកឯឆ្នាំនេះ លក់បានតែក្នុង១គីឡូក្រាមបានតែ៧៣០រៀលប៉ុណ្ណោះ។ លោកថា ស្រូវចុះថោកបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារ ដោយសារគាត់ខ្ចីលុយធនាគារ ដើម្បីយកមកធ្វើកសិកម្មស្រូវនេះ។
លោក ម៉េងឡុង និយាយថ៖ «ប៉ះពាល់ទៅលើយើងចំណាយថ្លៃជី តម្លៃថ្លៃប្រេងថ្លៃហើយ ថ្លៃទឹកជួលគេបូម យើងដឹងស្រាប់ហើយ ខ្វះខាតទឹក ទឹកបូមដាក់ ហើយប្រេងជីសុទ្ធតែថ្លៃ ហើយយើងដោះស្រាយម៉េចរួច វាបានគ្រាន់តែទប់ទល់សងតែគេ វាគ្មានសល់អី»។
ប្រជាកសិករបានរៀបរាប់ប្រហាក់ប្រហែលគ្នាថា ស្រូវសើមដែលឈ្មួញកណ្តាលទិញពីកសិករនៅវាលស្រែ លក់ទៅឱ្យវៀតណាម ដឹកចូលតាមច្រកព្រំដែនចំនួនពីរកន្លែង គឺច្រកយិនយា និងជ្រកភ្នំឌិត។ ចំណែកនៅខេត្តព្រៃវែង ឈ្មួញទិញយកទៅលក់នៅតាមច្រកព្រំដែនអន្តរជាតិចក្រី ឆ្លងចូលប្រទេសវៀតណាមផងដែរ។
កសិករ លោក ងួន រី ស្នើទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជួយទិញស្រូវពីប្រជាកសិករឱ្យបានតម្លៃសមរម្យ ទើបធ្វើឲ្យពួកគេចំណេញបានប្រាក់យកទៅទ្រទ្រង់ជីវភាពគ្រួសារ។
លោក ងួន រី អំពាវនាវថា៖ «សំណូមពរទៅក្រសួងកសិកម្ម រើសពូជសំរាប់ប្រជាជន រើសពូជណាដែលបរទេសត្រូវការ។ ទីពីរ សុំសម្តេច ហ៊ុន សែន ជួយទិញស្រូវពីប្រជាជន ដូចជាស្រូវ ER យកទៅលើផង កុំឱ្យយកទៅវៀតណមច្រើនពេក កាលណាទៅវៀតណាមច្រើន តម្លៃស៊ីសងគេដាក់ទេ សុំឱ្យរាជរដ្ឋាភិបាល សម្តេចតេជោ មេត្តាជួយប្រជាជនទួលស្វាយផង»។
ប្រជាកសិកររូបនេះបញ្ជាក់ថា បើតម្លៃសម្រូវមិនឡើងថ្លៃទេ លោកស្នើទៅរដ្ឋាភិបាល និងក្រសួងជួយឱ្យតម្លៃជី ថ្នាំ និងប្រេងជាដើម ចុះថ្លៃផងដែរ។
នាយិកាមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្ម កម្ពុជា (អង្គការ CEDAC) លោកស្រី តុង ចាន់ធាង មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យ ដើម្បីកុំឱ្យប៉ះពាល់ដល់ជីវភាពពួកគាត់។ លោកស្រីថា បើរដ្ឋាភិបាលមិនជួយទិញស្រូវ ឬកំណត់តម្លៃស្រូវឲ្យបានសមរម្យទេ នឹងធ្វើឱ្យប្រជាកសិករចំណាកស្រុក ដោយសារមិនមានលុយសងបំណុលធនាគារ។
លោកស្រីមានប្រសាសន៍ថា៖ «យើងឃើញស្ថានភាពកសិករកាន់តែពិបាក ព្រោះមួយចំនួនគាត់ខ្ចីលុយពីធនាគារ ពីមីក្រូហិរញ្ញវត្ថុមកវិនិយោគ កាលណាគាត់អត់ចំណេញ គាត់ចាប់ផ្តើមជំពាក់លុយគេ ចុងក្រោយគាត់ត្រូវចំណាកស្រុកហើយ ដោយសារគាត់មិនអាចរកចំណូលពីមុខរបរនៅក្នុងស្រុកបាន ចង់មិនចង់ បង្ខំចិត្តទៅ [ធ្វើការ] កន្លែងផ្សេង ដើម្បីរកលុយយកមកសងគេវិញ សងធនាគារ សងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលជាបំណុលមានការប្រាក់»។
ទាក់ទងនឹងការទិញស្រូវពីកសិករនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិកាជាតិប្រមាណ៥០លានដុល្លារ បន្ថែមឱ្យធនាគារអភិវឌ្ឍន៍ជនបទ កាលពីដើមឆ្នាំ២០១៩ ដើម្បីឱ្យធនាគាររដ្ឋមួយនេះផ្ដល់ប្រាក់កម្ចីទៅឱ្យរោងម៉ាស៊ីនកិនស្រូវ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន មានប្រសាសន៍ថា តម្លៃស្រូវឆ្នាំនេះឡើងខ្ពស់ជាងឆ្នាំមុនជាង១០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែ លោកថា ទីផ្សារសេរី ក្រសួងមិនអាចដាក់កំហិតឱ្យក្រុមហ៊ុនកំណត់តម្លៃឱ្យបានខ្ពស់តាមប្រជាពលរដ្ឋចង់បាននោះទេ។
លោកមានប្រសាសន៍ថា៖ «យើងបង្ខំឱ្យគេទិញស្តុកទុក ឱ្យគេយកទៅលក់នៅឯណា ពីព្រោះតម្លៃនៅក្នុងពិភពលោកវាអត់មានកើន ចំណេញឬមិនដឹងធ្វើម៉េច បើដឹងធ្វើម៉េច បើកំណត់វាអញ្ចឹង ហើយយើងយកលុយថវិកាជាតិយកទៅទិញស្តុក យើងយកទៅលក់ឱ្យពីណា នេះជាចំណុចសំខាន់ បើយើងមិនបានគិតអំពីសភាពការណ៍នៃការជួញដូរអង្ករស្រូវលើពិភពលោកទេ វានឹងមានការភាន់ច្រឡំ នេះជាចំណុចសំខាន់ ដែលយើងត្រូវយល់ដឹងទាំងអស់»។
រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា ក្រសួងកំពុងរកវីធីជួយបណ្តុះបណ្តាលប្រជាពលរដ្ឋឱ្យចេះជំនាញចេះជ្រើសរើសពូជសែនក្រអូបរបស់កម្ពុជាដាំ ដើម្បីទទួលបានតម្លៃខ្ពស់។
របាយការណ៍លេខាធិការដ្ឋាន ច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៩ កម្ពុជានាំចេញអង្ករបាន ៣០៨ 0១៣តោន ឬកើនឡើងត្រឹមតែជាង ៣ភាគរយប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ បានចំនួន ២៩៧ ០៨០តោន។
កម្ពុជានាំចេញអង្ករបានជាង ៦២ម៉ឺនតោន ក្នុងឆ្នាំ២០១៨ ដោយបានធ្លាក់ចុះចំនួន ១,៥ភាគរយ បើធៀបនឹងទំហំនៃការនាំចេញអង្ករជាង ៦៣ម៉ឺនតោន កាលពីឆ្នាំ២០១៧៕
អត្ថបទ៖ VOD