ក្រុមហ៊ុនផលិតទឹកត្រី ៣ កន្លែងនៅតាមតំបន់ដីសណ្តទន្លេមេគង្គ ប្រទេសវៀតណាមថ្មីៗនេះត្រូវបានពិន័យជាទឹកប្រាក់ចំនួន ៧៨០ លានដុង ឬជាង ៣៣ ៧០០ដុល្លារអាមេរិក ពីបទប្រើសារធាតុគី មី ហា មឃា ត់នៅក្នុងផលិតកម្មរបស់ពួកគេ បើយោងតាមលទ្ធផលនៃការត្រួតពិនិត្យដែលបានធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ២០១៩។
ការចុះត្រួតពិនិត្យរោងចក្រដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Dieu Huong នៅខេត្ត An Giang ក្រុមហ៊ុន Hoa Hiep និងក្រុមហ៊ុន Tan Phat ក្នុងខេត្ត Vinh Long បានរកឃើញថា ក្រុមហ៊ុនទាំង ៣ នេះកំពុងប្រើប្រាស់សូដ្យូមកាបូណាតដែលជាសារធាតុគីមីហាមឃាត់ទៅក្នុងផលិតផលទឹកត្រីរបស់ខ្លួន ។
សូដ្យូមកាបូណាត(Sodium carbonate)ដែលគេដឹងថា ជាប្រភេទសូដាលាងជម្រះ គឺជាគ្រឿងផ្សំដើម្បីផលិតសាប៊ូដុំ ម្សៅសាប៊ូ កញ្ចក់កែវ ក្រដាស គ្រឿងស្មូន និងថ្នាំជ្រលក់ពណ៌ ត្រូវបានក្រុមហ៊ុនទាំង ៣ ខាងលើយកទៅប្រើក្នុងការផលិតទឹកត្រី។
ដើម្បីផលិតទឹកត្រីក្រុមហ៊ុន Dieu Huong ក្រុមហ៊ុន Hoa Hiep និង ក្រុមហ៊ុន Tan Phat បានដាំសារធាតុ MSG (ប៊ីចេង) ចំនួន ១៧០០០ លីត្រឱ្យពុះ និងបង់បង្គាដែលមានសារធាតុសូដ្យូមកាបូណាត ១២០ គីឡូក្រាម ក្នុងរយៈពេល ៤០ ទៅ ៥០ ម៉ោង ដើម្បីផលិតបានទឹកត្រី ៨០០ លីត្រ។
យោងតាមសម្ដីលោក Nguyen Van Tien ប្រធានអធិការកិច្ចក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា សូដ្យូមកាបូណាតត្រូវបានបន្ថែមដើម្បីបន្សាបជាតិអាស៊ីតនៃប៊ីចេង ចំណែកឯបង្គាបានប្រើដើម្បីដាក់បន្ថែមឲ្យមានជាតិប្រូតេអ៊ីន។ លោក Tien បន្ថែមថា សារធាតុសូដ្យូមកាបូណាតនៅក្នុងរូបមន្តទឹកត្រីគឺជាការបំពានលើសុវត្ថិភាពចំណីអាហារកម្រិតធ្ងន់មួយ។
នៅក្នុងកិច្ចពិភាក្សាខ្លីមួយជាមួយកាសែត Tuoi Tre លោក Le Van Diep នាយកក្រុមហ៊ុន Dieu Huong បានសារភាពថា អាជីវកម្មដែលគ្រប់គ្រងដោយគ្រួសាររបស់លោកបានប្រើប្រាស់សមាសធាតុគី មី ហា មឃា ត់នេះនៅក្នុងផលិតកម្មទឹកត្រីរបស់ខ្លួនអស់រយៈពេលជាង ៦០ ឆ្នាំមកហើយ។ លោកអះអាងថា លោកមិនធ្លាប់ឃើញឃើញនរណារ ង គ្រោះ ដោយសារជាតិ គី មី នេះទេចាប់តាំងពីក្រុមហ៊ុនចាប់ផ្តើមប្រើវាតាំងពីយូរយារណាស់មកហើយនោះ។
មន្ត្រីរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានបញ្ជូនលទ្ធផលនៃការត្រួតពិនិត្យទៅឲ្យក្រសួងសន្តិសុខសាធារណៈដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ប៉ុន្តែលទ្ធផលនិងការដាក់ទណ្ឌកម្មយ៉ាងណាទៀតនោះនៅមិនទាន់បានប្រកាសនៅខែនេះទេ។ក្រៅពីការពិន័យក្រុមហ៊ុនទាំង ៣ ត្រូវបានដកហូតសូដ្យូមកាបូណាតរបស់ពួកគេ ហើយត្រូវប្រកាសប្រមូលទឹកត្រីដែលចេញពីស្ដុកត្រឡប់មកវិញ ៕
អត្ថបទ៖ កម្ពុជាថ្មី