អាជ្ញាធរខេត្តកំពង់ចាមបានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមស ង្គ្រោះ ដើមឈើនិងស្មៅដែលបានងាប់ក្រោយពីដាក់ដាំដើម្បីសោភ័ណ្ឌភាពនិងលម្អសួនច្បារនៅលើទ្រូងផ្លូវជាតិលេខ៦។ដោយចម្ងាយប្រមាណជិត៤០គីឡូម៉ែត្រស្ថិតក្នុងស្រុកជើងព្រៃនិងស្រុកបាធាយនោះឱ្យរស់ស្រស់បំព្រងឡើងវិញ។
នេះបើយោងតាមសេចក្តីបំភ្លឺរបស់អាជ្ញាធរខេត្តកំពង់ចាម ជាផ្លូវការចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ ឆ្លើយតបនឹងគេហទំព័រក្នុងស្រុកមួយបានចុះផ្សាយថាស្មៅរាប់ពាន់ម៉ែត្រការ៉េនិងដើមឈើរាប់ពាន់ដើម នៅទីតាំងខាងលើបានងា ប់។ដោយសារខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តដែលកាសែតរស្មីកម្ពុជាទទួលបាននៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០នេះ។
អាជ្ញាធរខេត្តកំពង់ចាមបានបញ្ជាក់ថាជុំវិញការថែទាំស្មៅនិងដើមឈើដែលបានដាំលម្អលើទ្រូវផ្លូវជាតិលេខ៦ពីព្រំប្រទល់ខេត្តកណ្តាលឆ្លងកាត់ស្រុកបាធាយដល់ស្គន់ទីរួមស្រុកជើងព្រៃនេះគឺមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកំពង់ចាមជាអ្នកទទួលសិទ្ធិពីក្រសួងសាធារណការនិងដឹកជញ្ជួន។ដោយមានការសហការពីអាជ្ញាធរស្រុកជើងព្រៃ និងស្រុកបាធាយ។
ប៉ុន្តែចុងឆ្នាំ២០១៩រដូវប្រាំងបានគ្របដណ្តប់បង្កឱ្យក្តៅហួតហែងខ្លាំងក្នុងរង្វង់ខែធ្នូឆ្នាំ២០១៩និងដើមខែមករា ឆ្នាំ២០២០នេះគឺបណ្តាលឱ្យខ្វះទឹកស្រោចស្រពសួនច្បារនេះ។ម្យ៉ាងប្រភពទឹកនៅតាមដងផ្លូវ នៃស្រុកទាំងពីរត្រូវបានរីងស្ងួត។រីឯទីតាំងមួយចំនួននៅមានប្រភពទឹកតែយើងមិនអាចបូមបានយកមកស្រោចបានសួនច្បារបានទេគឺត្រូវរក្សាទុកសម្រាប់សត្វពាហន:និងស្រោចស្រពដំណាំស្រូវរបស់ប្រជាពលរដ្ឋ។
អាជ្ញាធរខេត្តកំពង់ចាមមានជំហរយ៉ាងមុតមាំដើម្បីអភិរក្សសោភ័ណ្ឌភាពនិងកែលម្អសួរច្បារតាមដងផ្លូវជាប្រចាំ។ដោយប្រឹងប្រែងឱ្យអស់ពីលទ្ធភាពសង្គ្រោះស្រោចស្រង់កូនឈើនិងស្មៅដែលងាប់គឺនឹងស្តារឡើងវិញក្នុងពេលឆាប់ៗនេះនៅពេលមានទឹកប្រើប្រាស់គ្រប់គ្រាន់នោះ។សូមស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមជាមួយអាជ្ញាធរខេត្ត ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ សោភ័ណ្ឌភាពតាមដងផ្លូវក្នុងគោលបំណងបង្កើនសុខដុមនីយកម្មក្នុងសង្គមជាតិយើងឱ្យតែប្រសើរឡើងបន្ថែមទៀត។
លោកសុខស្រ៊ុនប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកំពង់ចាមបានប្រាប់ឱ្យដឹងនៅថ្ងៃទី២១មករានេះថាបញ្ហាសួនច្បារផ្លូវជាតិលេខ៦ឆ្លងកាត់ស្រុកបាធាយនិងស្រុកជើងព្រៃមានប្រវែងជិត៤០គីឡូម៉ែត្រដែលមានដាំស្មៅនិងដើមផ្កាក្រដាសនិងដើមជ្រៃនេះយើងស្រោចជារៀងរាល់ថ្ងៃរហូតមក។
ប៉ុន្តែនៅរដូវប្រាំងបែបនេះហើយមួយវិញទៀតឆ្នាំនេះយើងជួបបាតុភូតអែលនីណូគឺធ្វើឱ្យប្រឈមកាន់ខ្លាំងបញ្ហាទឹកនេះ។លោកប្រធានមន្ទីរបានបន្តថាប៉ុន្តែកន្លងមកយើងប្រើប្រាស់រថយន្តតែមួយគ្រឿងសម្រាប់ស្រោចស្រពសួនប្រវែងខាងលើនោះ។ឥឡូវបានបន្ថែមមួយគ្រឿងទៀតបានចំនួនពីរគ្រឿងហើយ។ដោយមួយគ្រឿងផ្ទុកចំណុះទឹក ៥.០០០ លីត្រនេះអាចស្រោចសួនបានចម្ងាយ២០០ម៉ែត្រ។
លោកបានបន្ថែមថាបញ្ហានេះមានការយឺតយាវបន្តិចមែនតែប្រសើរជាងយើងជួលរថយន្តស៊ីទែនដឹកទឹកឯកជនចំណុះប៉ុនគ្នានេះគឺមួយស៊ីទែនជាង១២ម៉ឺនរៀល។ជាចំណាយមួយខ្ពស់ដែលយើងមិនអាចរ៉ាប់រងបាន។ដោយឡែកងាកមកការស្រោចទឹកគឺយើងទំនងមិនអាចសង្គ្រោះឱ្យរស់ឡើងវិញបានទេសម្រាប់ជ្រៃ។ដោយឡែកស្មៅនិងផ្កាក្រដាសអាចសង្គ្រោះឱ្យរស់បានព្រោះពួកវាធននឹងអាកាសធាតុក្តៅ៕
អត្ថបទ៖ រស្មីកម្ពុជា