ប្រជានេសាទនៅស្រុកជលគិរី ស្រុកកំពង់លែង និងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កំពុងកើតឡើងយ៉ាងគំហុក ព្រោះអីមន្រ្តីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបឡើយ។ មានការរិះគន់ចំៗថា លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង
ក៏ដូចជាលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេសាទឲ្យស្របទៅតាមបទបញ្ជាលេខ០០១ របស់រាជរដ្ឋាភិបាលនោះទេ។ ឥឡូវនេះសូម្បីតែលៀស ក៏ត្រូវប្រឈមនឹងសេចក្តីវិនាសដែរ ព្រោះជនល្មើសប្រើឧបករណ៍កាវលៀសបានរាប់តោនក្នុង មួយថ្ងៃៗ ហើយកលក់ឲ្យឈ្មួញដឹកជញ្ជូនទៅស្រុកយួនយ៉ាងពេញបន្ទុក។
ប្រជាពលរដ្ឋក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ មានកាណូត បាឡាស្មាច់រាប់សិបគ្រឿងដឹកជញ្ជូនលៀសជាង៧០០ការុង មកឡើងនៅកំពង់ដ ភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លក់ឲ្យឈ្មួញប្រមូលទិញលើកដាក់រថយន្តធំៗដឹកទៅស្រុកយួន។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា លៀសរាប់តោននោះត្រូវក្រុមជនល្មើសកាវក្នុងតំបន់បឹងទន្លេសាបភូមិព្រៃគ្រី ឃុំពាមឆ្កោក ស្រុកជលគិរី រួចដឹកជញ្ជូនតាម កាណូតបាឡាស្មាច់ មកលក់ឲ្យឈ្មួញនៅកំពង់ដ ភូមិព្រែកសាលា។ ក្នុងមួយការុងមានលៀសទម្ងន់ពី៧០ ទៅ ៨០
គីឡូក្រាម ដូច្នេះលៀសដល់ទៅជាង៧០០ការុង គេមានទម្ងន់ជាច្រើនតោនដែលជាហេតុធ្វើឲ្យលៀសក្នុង បឹងទន្លេសាបកំពុងប្រឈមនឹងសេចក្តីវិនាស។
ប្រភពពីមន្ត្រីរាជការនៅក្នុងសាលាខេត្តកំពង់ឆ្នាំង បានបង្ហើបឲ្យដឹងថា លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេសាទដែលកំពុងតែកើតឡើងយ៉ាងពេញបន្ទុកនៅក្នុងបឹងទន្លេសាបនោះទេ ព្រោះលោក ឈួរ ច័ន្ទឌឿន ជាប់រវល់រឿងប្រើអំណាចទន្រ្ទានកាន់កាប់ដីធ្លី ទ្រព្យសម្បត្តិរដ្ឋជាច្រើនកន្លែង។
ចំណែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងសប្បាយប្រមូលផលប្រយោជន៍ពីបទល្មើសនេសាទដែលកំពុងកើតឡើងយ៉ាងអនាធិបតេយ្យ។ សូម្បីតែលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ក៏ធ្វើមិនដឹងមិនឮចំពោះបទល្មើសនេសាទ ប្រើឧបករណ៍ខុសច្បាប់ដែលកំពុងមានការកើនឡើងយ៉ាងគំហុកនៅតំបន់បឹងទន្លេសាប ខេត្តកំពង់ឆ្នាំងនោះដែរ៕
អត្ថបទ៖ អរិយធម៌