«យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិមានព្រៃឈើ និងសត្វព្រៃឱ្យបានគង់វង្សដើម្បីកម្ពុជា អាចលក់តួនាទីព្រៃឈើដែលការពារប្រព័ន្ធអេកូឡូស៊ីនិងភពផែនដី តាមរយៈការលក់ឥណទាន កាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត»។
នេះគឺជាការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែមករាក្នុងអំឡុងពេលជួបសំណេះសំណាលជាមួយសហគមន៍ដែលទទួលបានថវិកាអភិវឌ្ឍន៍ភូមិដំណាក់កាលទី២ នៃគម្រោងរ៉េដបូកនៃដែនជម្រក សត្វព្រៃកែវសីមា ស្ថិតក្នុងភូមិសាស្ត្រភូមិពូជូ ឃុំសែនមនោរម្យ ស្រុកអូររាំង និងប្រជាសហគមន៍ និងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច និងស្រែពក ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។
ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធនានា អង្គការដៃគូរួមមាន WCS និង WWF រួមនឹងប្រជាសហគមន៍ដែលបានចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ហើយកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិកន្លងមកបានល្អប្រសើរ ដែលអនុញ្ញាតឱ្យកម្ពុជាអាចលក់ឥណទានកាបូន និងប្រើប្រាស់ដើម្បីការងារអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
ឯកឧត្តម បន្ថែមថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាប្រមាណ១១លានដុល្លារ សម្រាប់ទ្រទ្រង់ដល់ការការពារនិងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានដែលឆ្លើយតបទៅ នឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព។ ក្រុមមន្ត្រីជំនាញក៏កំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ (ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង) ផងដែរ។
ឯកឧត្តម បញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ មានតែកម្ពុជានិងឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។
រេដបូក(REDD+: Reducing Emission from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ។ រេដបូកមានគោលបំណង (១) ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និង(២)ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។
ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស្ម័នកាបូនិច (ឧស្ម័នផ្ទះកញ្ចក់) ពីបរិយាកាសដែលមុខងារនេះ ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់សកល។ អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានលើកទឹកចិត្តដល់ប្រទេសសម្បូរព្រៃឈើ ឱ្យខិតខំការពារព្រៃឈើឱ្យបានល្អប្រ សើរ ដើម្បីទទួលបានថវិកាក្នុងទម្រង់ជាទីផ្សារកាបូនស្ម័គ្រចិត្ត (Voluntary Carbon Market) និងការទូទាត់ផ្អែកតាមលទ្ធផល (Result-Based Payment)៕
អត្ថបទ៖ btv