ប្រទេសកម្ពុជាគឺជាប្រទេសកសិកម្ម ដែលមានប្រជាពលរដ្ឋជាង៧៥ភាគរយ ប្រកបរបរកសិម្ម ប៉ុន្តែបច្ចុប្បន្ននេះ បើទោះបីជាគេមើលឃើញថា កម្ពុជាជាប្រទេសកសិកម្មយ៉ាងណាក្តី តែបន្លែ ផ្លែឈើមួយផ្នែកធំត្រូវបានគេនាំចូលមកពីប្រទេសជិតខាង ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ។ គ្រាន់តែគល់ស្លឹកគ្រៃមួយមុខប៉ុណ្ណោះ ត្រូវបានគេនាំចូលមកពីប្រទេសវៀតណាមរហូតដល់ទៅជាង ៥០តោន ក្នុងមួយថ្ងៃៗ ។
បើយោងតាមការស្រាវជ្រាវរបស់អង្គការសេដាក( CDAC )កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងមួយថ្ងៃៗកម្ពុជាបានធ្វើការនាំចូលស្លឹកគ្រៃពីប្រទេសវៀតណាមរហូតដល់ទៅ ៥០តោន ដើម្បីយកមកផ្គត់ផ្គង់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ។ លោក សម វិទូ ប្រធានអង្គការសេដាក(CDAC)បានប្រាប់អ្នកសារព័ត៌មានថា ក្នុងមួយឆ្នាំៗកម្ពុជានាំចូលបន្លែប្រមាណជា៨០ភាគរយពីប្រទេសជិតខាង ខណៈពេលដែលកម្ពុជាអាចផលិតបន្លែបានប្រមាណតែ២០ភាគរយប៉ុណ្ណោះ ។
លោក សម វិទូ បានបន្តទៀតថា មានមូលហេតុមួយចំនួន ដែលធ្វើឱ្យកសិករខ្មែរមិនអាចផលិតនិង ដាំដំណាំដោយខ្លួនឯងបានដូចជា៖ កសិករមិនទាន់ទទួលបានបច្ចេកទេសនៃការដាំដុះគ្រប់គ្រាន់ កង្វះខាតប្រព័ន្ធធារាសាស្ត្រ កង្វះការផ្សព្វផ្សាយ និង គ្មានផែនការច្បាស់លាស់ក្នុងការផលិតជាដើម៕
អត្ថបទ៖ ប្រជាប្រិយ