លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ គ្រោងនឹងដឹកនាំកិច្ចប្រជុំការងារធំមួយជាមួយផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាធ្លាក់ចុះភ្ញៀវទេសចរបរទេសចូលមកកម្ពុជា ខណៈវីរុសកូរ៉ូណាកំពុងរាតត្បាតខ្លាំង ជំរុញឲ្យរដ្ឋាភិបាលចិនដាក់វិធានការក្តៅបិទដំណើររបស់ប្រជាជនចិន មិនឲ្យចេញក្រៅប្រទេស ក្នុងន័យទប់ស្កាត់ ការឆ្លងរាល ដាល នៃវីរុសនេះ។
បើតាមក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមករានេះ កិច្ចប្រជុំនេះ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហាដែលនឹងត្រូវប្រឈមជាបន្ទាន់ ខណៈកម្ពុជាធ្លាប់មានបទពិសោធន៍ម្តងរួចមកហើយជុំវិញបញ្ហាស្រដៀងនេះ កាលពីឆ្នាំ ២០០៣ ដែលកាលនោះប្រទេសបានផ្ទុះឡើងនូវជំងឺ SARS ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកអាជីវកម្ម និងឧស្សាហកម្មទេសចរណ៍។
លោករដ្ឋមន្ត្រី បានជំរុញចលនាទេសចរណ៍ក្នុងស្រុក គឺជាវិធានការមួយដ៏សំខាន់ដែលអង្គការទេសចរណ៍ពិភពលោកទទួលស្គាល់ ក្នុងពេលដែលវិស័យទេសចរណ៍ត្រូវទទួលរងនូវផលប៉ះពាល់ពីជំងឺឆ្លង ឬវិបត្តិសេដ្ឋកិច្ចសកល ហើយការធ្វើដំណើរបស់ទេសចរក្នុងស្រុកនឹងចូលរួមចំណែកទ្រទ្រង់យ៉ាងសំខាន់ ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅពេលដែលការធ្វើដំណើររបស់ទេសចរអន្តរជាតិមានការធ្លាក់ចុះ។
ក្នុងពេលជួបវិបត្តិបែបនេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ត្រូវការត្រឹមចំណូល ដើម្បីទូទាត់ថ្លៃអគ្គិសនី ទឹក និងប្រាក់ខែសម្រាប់បុគ្គលិកមួយចំណែកប៉ុណ្ណោះ។
ក្រៅពីនេះលោករដ្ឋមន្រ្តីបានអំពាវនាវ ដល់ផ្នែកឯកជនផ្ទាល់ត្រូវចាត់ការកែសម្រួលការគ្រប់គ្រងអាជីវកម្ម តាមសភាពការណ៍ ដោយចូលរួមកាត់បន្ថយកញ្ចប់ទស្សនកិច្ច កាត់បន្ថយថ្លៃចំណេញ ចូលរួមបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានា ជាមួយរដ្ឋបាលមូលដ្ឋានជាដើម៕
អត្ថបទ៖ cpc