សួនស្មៅនៅលើទ្រូងផ្លូវជាតិលេខ៦ និង លេខ៦អា ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាមដែលបានស្វិតងាប់ស្ទើរអស់ក្នុងរដូវប្រាំង ត្រូវបានរដ្ឋបាលខេត្ត នេះ ចាប់ផ្តើម ធ្វើការស្តារឡើងវិញ ដោយនៅចំពោះមុខធ្វើយ៉ាងណាឱ្យស្មៅទាំង នោះរស់ឡើងវិញ។
លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅ ថ្ងៃទី២៧ខែមករាឆ្នាំ២០២០ថាសួនស្មៅនិងផ្កាលើទ្រូងផ្លូវជាតិលេខ៦ និងលេខ៦ អាក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដែលកន្លងទៅគ្រប់គ្រងនិងថែទាំដោយ ក្រសួង សាធារណការ និងដឹកជញ្ជូន ពេលនេះខេត្តបានសម្រេចយកមកធ្វើការថែទាំ និង គ្រប់គ្រងវិញ ហើយ ចំពោះមុខត្រូវបង្កើនការស្រោចទឹកធ្វើយ៉ាងណាឱ្យស្មៅ និងផ្កាទាំងនោះ រស់ឡើងវិញ។
លោកអភិបាលខេត្តបានឱ្យដឹងទៀតថា សួនស្មៅនៅកណ្តាលផ្លូវជាតិនេះ កាលពេលដាំគេដាក់ដីគ្មានជីជាតិ និង ក្នុងរដូវប្រាំងកន្លងទៅការស្រោចទឹក មិន បានដិត ដល់ធ្វើឱ្យស្មៅនិងផ្កាគ្មានការលូតលាស់ល្អ។ សួននេះក្នុងពេលគ្រប់គ្រង ដោយក្រសួងសាធារណការ មានរថយន្តសម្រាប់ដឹកទឹកស្រោចចំនួន២គ្រឿងជា មួយនឹងកម្មករ៤នាក់ ដើម្បីមើលថែសួនប្រវែងជាង៣០គីឡូម៉ែត្រ។
លោកអ៊ុនចាន់ដាបញ្ជាក់ថាពេលនេះរដ្ឋបាលខេត្តបានធ្វើលិខិតទៅក្រសួង សាធារណការនិងដឹកជញ្ជូន ដើម្បីយកសួននេះមកថែទាំដោយរដ្ឋបាលខេត្តដែលមានការចូលរួមពីមន្ទីរសាធារណការនិងរដ្ឋបាលស្រុក ដែលមានផ្លូវនេះឆ្លងកាត់ធ្វើយ៉ាងណាឱ្យសួនស្មៅនេះរស់ឡើងវិញ។
លោកផេន សុផល អភិបាលស្រុកបាធាយខេត្តកំពង់ចាម បានប្រាប់រស្មីឱ្យ រស្មីកម្ពុជាដឹងនៅថ្ងៃទី២៧ខែមករាឆ្នាំ២០២០ថា សួនស្មៅនៅលើផ្លូវជាតិលេខ៦ ក្នុងស្រុកបាធាយនេះ កន្លងទៅខាងមន្ទីរបានស្រោចទឹកដែរ តែមិនជាប់លាប់ទេ ទើបធ្វើឱ្យស្មៅនិងដើមជ្រៃដាំនៅលើផ្លូវនេះងាប់ស្ទើរអស់។
អភិបាលស្រុកខាងលើនិយាយឱ្យដឹងទៀតថា សួនស្មៅនៅលើផ្លូវជាតិលេខ៦និងលេខ៦អា ចាប់ពីត្រឹមស្ពានទី២៦ព្រំប្រទល់ខេត្តកណ្តាល និងខេត្តកំពង់ចាម ដល់ទីប្រជុំជន ស្គុន មានប្រវែង៣១គីឡូម៉ែត្រ ដែលក្នុងនេះមានជាង១១គីឡូម៉ែត្រនៅ ក្នុងស្រុកជើង ព្រៃនិងជាង១៩គីឡូម៉ែត្រនៅក្នុងស្រុកបាធាយ គឺមានរថយន្តរបស់មន្ទីរសាធរណការសម្រាប់ដឹកទឹកស្រោចតែ២គ្រឿងទេ។
លោកផេន សុផល បញ្ជាក់ថាពេលនេះរដ្ឋបាលខេត្តបានសម្រេចយក សួន នេះមក មើលថែដោយខ្លួនឯងវិញហើយ។ ឥឡូវចាប់ផ្តើមសម្រុកស្រោចទឹក ធ្វើ យ៉ាងណា ឱ្យស្មៅលើសួននេះរស់ឡើងវិញ ឯដើមជ្រៃដែលងាប់ដកចេញនិងអាចដាក់ដាំផ្កា ក្រដាសជំនួសវិញ។ ជ្រៃដែលគេបានដាក់ដាំក្នុងលូបេតុង លើសួននេះ មានចំនួនប្រមាណជា៤.០០០ដើម ងាប់ស្ទើរគ្មានសល់។
គួរនិយាយឱ្យដឹងថាសួនស្មៅនៅលើផ្លូវលេខ៦អានេះមិនមែនងាប់ស្ទើរតែទាំងអស់នៅក្នុងខេត្តភូមិសាស្ត្រខេត្តកំពង់ចាមទេ ក្នុងទឹកដីខេត្តកណ្តាលក៏ងាប់ សឹងតែគ្មានសល់ដែរ ដោយសារដូវប្រាំងហួតហែង និងស្រោចទឹកមិនបានដិត ដល់លើកលែងតែសួនតាមផ្លូវនេះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទេ ដែលនៅមានស្រស់បំព្រង។
សួនស្មៅនិងផ្កាតាមដងផ្លូវនៅក្នុងរាជធានីភ្នំពេញរយៈពេលចុងក្រោយនេះ ត្រូវបានគេមើលឃើញថាមិនសូវមានងាប់ច្រើនដូចបណ្តាឆ្នាំមុនៗនោះទេ ដោយសាររដ្ឋបាលរាជធានីភ្នំពេញ ប្រគល់ឱ្យក្រុមហ៊ុនទទួល បានសិទ្ធិលើកស្លាកផ្សព្វផ្សាយពាណិជ្ជកម្មក្នុងក្រុងភ្នំពេញជាអ្នកទទួលខុសត្រូវ៕
អត្ថបទ៖