ប៉ុន្មានថ្ងៃក្រោយផ្ទុះព័ត៌មានវីរុសកូរូណាថ្មី មានការចែករំលែកតៗគ្នាថា ខ្ទឹមសអាចការពារជំងឺនេះបាន។ តើការលើកឡើងនេះត្រឹមត្រូវដែរ ឬទេ? លោកវេជ្ជបណ្ឌិត សូ សំណាង ឯកទេសទូទៅ និងបានបម្រើការ មង្គលទួលសង្កែ គ្លីនិច បានឲ្យដឹងថា នោះជារឿងមិនពិតឡើយ។
លោកក៏បានបន្តទៀតថា ការយកខ្ទឹមសដាក់ជាប់ខ្លួន ឬខ្លះទៀតយកទៅដាក់ក្នុងច្រមុះ ព្រោះជឿថាពេលមេរោគផ្លូវដង្ហើមប្រភេទថ្មីនោះស្រូបចូលទៅ ខ្ទឹមសអាចសម្លាប់បាន។ តែទង្វើនោះអាចបណ្ដាលឲ្យរលាកបាន ព្រោះខ្ទឹមសមានជាតិក្ដៅ-កាត់ ដែលនាំឲ្យអាចដាច់រលាត់ ច្រមុះ ឬស្បែកបើដាក់ជាប់រហូត ហើយបើអ្នកមានបើរលាកសាច់ច្រមុះ គឺអាចប៉ះពាល់ដល់ផ្លូវដង្ហើម ព្រោះងាយឆ្លងមេរោគចូល។
ដូចនេះការបំផុសព័ត៌មានថា ខ្ទឹមសអាចជួយការពារបាន សូមកុំជឿឲ្យសោះ ព្រោះនោះជាយុទ្ធសាស្ត្រទីផ្សារ ឬការបំភ្លៃគ្មានមូលដ្ឋាន និងការស្រាវជ្រាវច្បាស់លាស់។
ដើម្បីការការពារខ្លួនពីជំងឺកូរូណាប្រភេទថ្មី យើងមិនត្រឹមតែពាក់ម៉ាស់ប៉ុណ្ណោះទេ លោកវេជ្ជបណ្ឌិត សូ សំណាង បានណែនាំឲ្យពាក់ម៉ាស់ប្រភេទ KN95 ព្រោះវាមានសភាពក្រាសជាងម៉ាស់ទូទៅ ឬក៏ម៉ាស់សម្រាប់វះកាត់ និងពាក់វ៉ែនតា ដើម្បីការពារខ្លួន ព្រោះប្រសិនបើអ្នកជំងឺមានផ្ទុកមេរោគកូរូណាប្រភេទថ្មី ក្អក ឬកណ្ដាស់ ហើយខ្ទាតទឹកមាត់ចូលភ្នែក ក៏អាចឆ្លងបានដែរ៕
អត្ថបទ៖ កម្ពុជាថ្មី