ឱសថស្ថានមួយកន្លែងមានឈ្មោះ ឱសថស្ថានរង សម្បត្តិមានជ័យ ស្ថិតនៅផ្ទះលេខ ៦១៩ ផ្លូវអង្គដួង ភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅតែបន្តដំឡើងថ្លៃ នៃការលក់ម៉ាស់ ខណៈប្រទេសកម្ពុជាបាននិងកំពុងទទួលរងជំងឺរលាកសួតប្រភេទថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅក្រុងព្រះសីហនុ ទៅលើបុរសជាជនជាតិចិនម្នាក់ អាយុ៦០ឆ្នាំ ។
ប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ CPC NEWS ថា “ម្សិលមិញ ខ្ញុំបានទៅទិញម៉ាស់នៅកន្លែងហ្នឹង ក្នុងតម្លៃត្រឹមតែ១ប្រអប់ ១ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃនេះ ខ្ញុំបានទៅទិញម្តងទៀតឡើងដល់១ប្រអប់១០ដុល្លារ ។ ហើយឮតាមអ្នកដែលទៅទិញដែរនោះ ថា ដំបូងឡើងត្រឹម២៥០០០រៀល ក្រោយមកឡើងដល់៣៥០០០រៀល មុននេះបន្តិចខ្ញុំទៅទិញម្តងទៀត ឡើងដល់១០ដុល្លារ”។
ពលរដ្ឋរូបនេះបន្តថា អ្នកលក់ម៉ាស់បានប្រើសម្តីមិនសមរម្យដាក់គាត់ផងដែរ ដោយបាននិយាយថា ទីផ្សារមិនទៀងទេ បើប្អូនមិនទិញក៏ហីទៅ ហើយថ្ងៃស្អែកអត់មានម៉ាសលក់ទៀតនោះទេ។ អ្នកលក់ម៉ាសនិយាយផ្គើនដល់អ្នកទិញម៉ាសថា “ស្អែកអត់មានលក់ទៀតទេ ស្អែកទៅយកក្រណាត់ធ្វើម៉ាសរុំខ្លួនឯងទៅ”។
ក្រោយមានការផ្ទុះជំងឺរលាកសួត ប្រភេទថ្មី បង្កឡើងដោយវីរុសកូរ៉ូណា គេសង្កេតឃើញ នៅតាមឱសថស្ថាននានាមានការលក់ដំឡើងថ្លៃម៉ាស ខណៈក្រសួងសុខាភិបាលកម្ពុជា ណែនាំពលរដ្ឋឲ្យពាក់ម៉ាស់ដើម្បីបង្ការពីមេរោគនេះ។ ចំពោះការដំឡើងថ្លៃម៉ាស់ កប់ពពកនេះដែរ មានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ស្របពេលប្រទេសដទៃដែលមានការឆ្លងមេរោគនេះ លក់បញ្ចុះតម្លៃម៉ាស់ ឬ ចែកហ្វ្រីៗដល់ពលរដ្ឋរបស់ខ្លួន។
សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែមករា ម្សិលមិញនេះ លោក ផៃ សុីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរលើហ្វេសប៊ុកថា ប្រសិនបើបងប្អូនទាំងអស់បានជួបប្រទះ នូវការឡើងថ្លៃម៉ាស់ហួសហេតុ សូមមេត្តាជួយប្រាប់អាសយដ្ឋាន លេខទូរស័ព្ទ និង ឈ្មោះ ឱសថស្ថាន ៕
អត្ថបទ៖ CPC