មន្ទីរពេទ្យព្យាបាលវីរុសអ្នកផ្ទុកវីរុសកូរ៉ូណាដំបូងបង្អស់របស់ប្រទេសចិនបានបើកដំណើរការហើយនៅថ្ងៃពុធនេះ នៅទីក្រុងមួយ ក្បែរទីក្រុងវូហាន បន្ទាប់ពីកម្មករ និងអ្នកស្ម័គ្រចិត្តចំណាយពេលសាងសង់តែត្រឹមតែរយៈពេល ២ ថ្ងៃប៉ុណ្ណោះ ដើម្បីបំលែងអាគារទទេ ទៅជាមន្ទីរពេទ្យដែលមានគ្រែសម្រាកព្យាបាលរហូតដល់ ១០០០គ្រែ ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Daily Mail នៅរសៀលថ្ងៃទី២៩ ខែមករានេះ។
ក្រុមអ្នកសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្រុមអ្នកផ្ទុកវីរុសកូរ៉ូណាដំបូងត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងតំបន់ភ្នំដាប៊ី។
អាជ្ញាធរក្រុងវូហានបានឱ្យដឹងដែរថា គម្រោងនេះបានបញ្ចប់ក្នុងរយៈពេល ៤៨ម៉ោង ដោយសារមានការខិតខំប្រឹងប្រែងរួមគ្នាពីសំណាក់ បុគ្គលិកមកពីក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ និងមន្ត្រីប៉ូលិស។
ដំបូងឡើយអគារមន្ទីរពេទ្យនៅស្រុកក្វាងចូវនេះ ត្រូវបានសាងសង់ជាសាខាថ្មីនៃមន្ទីរពេទ្យកណ្តាលហ៊ួងកាង ហើយរំពឹងថានឹងបើក ដំណើរការនៅខែឧសភាខាងមុខ ប៉ុន្តែក្រោយមក អាជ្ញាធរចិនបានបញ្ជាឱ្យកែច្នៃអគារនេះ ដើម្បីទុកប្រើប្រាស់ព្យាបាលអ្នកផ្ទុកវីរុសកូរ៉ូ ណាវិញ។
យោងតាមមន្ត្រីនៃស្រុកហ៊ួងកាងបានឱ្យដឹងថា មន្ទីរពេទ្យនេះបានសាងសង់ឡើងដោយប្រើកម្លាំងកម្មករជាង ៥០០នាក់ និងរថយន្តធុន ធ្ងន់រាប់សិបគ្រឿងបានធ្វើការពីរថ្ងៃពីរយប់ ដើម្បីបំពេញការងារឱ្យបានទាន់ពេលវេលា។ ហ៊ួងកាងមានប្រជាជនប្រមាណ ៧,៥ លាននាក់ ហើយជាទីក្រុងមួយក្នុងចំណោមទីក្រុងនានាដែលបានរងគ្រោះដោយសារវីរុសកូរ៉ូណាដែលរងគ្រោះខ្លាំងជាងគេ៕
អត្ថបទ៖cpc