ក្រុមហ៊ុនអាកាសចរណ៍របស់ឥណ្ឌូណេស៊ី Lion Air បានប្រកាសពីការផ្អាកជាបណ្ដោះអាសន្ន នូវជើងហោះហើរទៅមក ដែលតភ្ជាប់រវាងជាមួយប្រទេសចិន ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០តទៅអ្នកនាំពាក្យ Lion Air បានឱ្យដឹងថា ជើងហោះហើរទីក្រុងចំនួន ១៥របស់ចិន នឹងរងការប៉ះពាល់ ដោយសារការផ្អាកនេះ។
ការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាថ្មី។នៅមុននេះ ក្រុមហ៊ុនអាកាសចរណ៍ចក្រភពអង់គ្លេស British Airways ក៏បានប្រកាសផ្អាកជើងហោះហើរទៅកាន់ប្រទេសចិនផងដែរ។
សូមជម្រាបថា អ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនដល់ ១៣២នាក់ និងឆ្លងជិត ៦០០០នាក់ គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។ ប្រទេសដែលរកឃើញវីរុសកូរ៉ូណាថ្មី មាន អារ៉ាប់រួម កម្ពុជា ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន អូស្ត្រាលី អាមេរិក បារាំង កូរ៉េខាងត្បូង កាណាដា អាល្លឺម៉ង់ នេប៉ាល់ និងស្រីលង្កា៕
អត្ថបទ៖ mytv