សិស្សស្រីនៅសាលាកូរ៉េម្នាក់ ខណៈដែលកំពុងអង្គុយរៀនសុខៗ ស្រាប់តែដួលសន្លប់ដោយមិនមានមូលហេតុ បង្កការភ្ញាក់ កាលពីវេលាម៉ោង១២ និង១០នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅក្នុងសាលារៀនសាលាកូរ៉េ តាមមហាវិថីឈ្នះ-ឈ្នះ ស្ថិតភូមិស្រែតេជ: សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ក្មេងស្រីដែលដួលសន្លប់ពេលកំពុងអង្គុយរៀន មានឈ្មោះបុណ្យ មួយលី អាយុ២១ឆ្នាំ សិស្សរៀននៅសាលាកូរ៉េ ស្នាក់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងមានស្រុកកំណើត ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានអង្គុយរៀនជាមួយសិស្សផ្សេងទៀតជាធម្មតា លុះដល់វេលាកើតហេតុ ស្រាប់តែដួលសន្លប់តែម្តង បង្កការភ្ញាក់ផ្អើលដល់លោកគ្រូ-អ្នកគ្រូ នាំគក់ច្របាច់ជួយសង្រ្គោះបឋម តែក្មេងស្រីរងគ្រោះមិនដឹងខ្លួន ទើប លោកគ្រូ-អ្នកគ្រូ ធ្វើការទាក់ទងទៅក្រុមសង្គ្រោះរបស់អង្គភាព៩១១ មកដឹកបញ្ជូនក្មេងស្រីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
ប្រភពដដែលបញ្ជាក់ថា កន្លងមក ក្មេងស្រីរងគ្រោះតែងតែដួលសន្លប់ជាញឹកញាប់ ឲ្យតែនាងមានអារម្មណ៍រំជួលចិត្ត សប្បាយរំភើបខ្លាំង គិតច្រើន ឬភ័យខ្លាំង តែមិនធ្ងន់ធ្ងរដូចលើកនេះទេ ពោលគឺសន្លប់តែបន្តិច រួចក៏ដឹងខ្លួនឡើងវិញ៕
អត្ថបទ៖ kbn