ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសណែនាំជាថ្មីទៀត ដល់នគរបាលជាតិទាំងអស់ ត្រូវបំពេញតួនាទី គោរពតាមវិជ្ជាជីវៈ។ នោះគឺការមិនយល់ញាត្តិ ឃ្លាតច្បាប់ឡើយ។
ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា មន្ត្រីនគរបាលទាំងអស់ ត្រូវគោរពតួនាទី ប្រកបដោយវិជ្ជាជីវៈ។ គឺអនុវត្តច្បាប់លើជនល្មើសទាំងអស់ ទោះបីជាជននោះ ជាបងប្អូន សាច់ញាត្តិក៏ដោយ និងដោយគ្មានការរើសអើង ពោលគឺនៅតំបន់ណាមួយនោះ ដែលពីមុន គណបក្សប្រឆាំងឈ្នះឆ្នោត បែរជានគរបាលយើង មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើស ជាដើមនោះ គឺជារឿងមិនត្រឹមត្រូវទេ ហើយត្រូវជៀសវាងដាច់ខាត កុំឲ្យមានរឿងនេះកើតឡើង។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «តើនគរបាល គាត់បំពេញតួនាទីរបស់គាត់តាមវិជ្ជាជីវៈ ជានគរបាល ឬអត់? ម៉េចទៅដែរហៅថា ការបំពេញតួនាទីវិជ្ជាជីវៈ ជានគរបាល? មានន័យថា គាត់ត្រូវស្មោះត្រង់នឹងតួនាទីរបស់គាត់ ដើម្បីបម្រើជាតិ បម្រើប្រជាពលរដ្ឋ មិនមែនដើម្បីបម្រើខ្លួនយើង បក្ខពួកយើង ក្រុមគ្រួសារយើងទេ។ គឺបម្រើផលប្រយោជន៍រួម ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ។ អានឹងប្រកបដោយវិជ្ជាជីវៈ។ មានន័យថា យើងមិនលើកលែងចំពោះបុគ្គលណាទាំងអស់ ដែលប្រព្រឹត្តខុស ទោះបីបងខ្ញុំ ក្មួយខ្ញុំ ពូខ្ញុំ មាខ្ញុំ មីងខ្ញុំក៏ដោយ ឱ្យតែខុសច្បាប់ យើងត្រូវតែអនុវត្តច្បាប់។ នោះដែរ គេហៅថា វិជ្ជាជីវៈ»។
សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា «ប៉ុន្តែបើបងខ្ញុំ ពូខ្ញុំ មាខ្ញុំ ធ្វើខុស ខ្ញុំបែរជារកវិធីបិទបាំង ទម្លាក់កំហុសដាក់អ្នកដទៃ។ អាហ្នឹងគេហៅថា មិនមែនវិជ្ជាជីវៈទេ។ យើងអាចរកវិធីជួយការពារគាត់បាន មិនមែនអត់ទេ។ ការពារតាមផ្លូវច្បាប់ រកមេធាវី ឧទាហរណ៍ថា បើកឡានបុកគេ ស្លាប់ ឬរបួស យើងរកមេធាវីជួយគាត់។ មិនអាចថា ម្នាក់ណុង ជាបងខ្ញុំ ជាពូខ្ញុំ មិនអាចធ្វើអ្វីគាត់បានទេ។ ដល់អីចឹងវាខុសអស់ហើយ ការអនុវត្តច្បាប់។ ដូច្នេះត្រូវបំពេញតួនាទី ប្រកបដោយវិជ្ជាជីវៈ ត្រូវស្មោះត្រង់នឹងមុខងាររបស់ខ្លួន ដែលច្បាប់បានកំណត់»។
ម្យ៉ាងទៀត សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំដល់នគរបាលទាំងអស់ បន្ថែមថា «កន្លែងហ្នឹងចោរប្លន់ កាលពីពេលបោះឆ្នោត កន្លែងហ្នឹង គណបក្សប្រជាជនកម្ពុជា មិនបានសំឡេងឆ្នោតទេ ឲ្យវាទៅអីចឹងទៅ។ អាហ្នឹង ក៏មិនត្រូវដែរ ព្រោះយើងជានគរបាលជាតិ។ ពាក្យថា នគរបាលជាតិ ប្រែមកថា មិនមែនជានគរបាលរបស់ក្រុមណាមួយទេ។ ព្រោះអាហ្នឹង ជាការចូលរួមចំណែក ដើម្បីកសាងបរិយាយកាសយុត្តិធម៌សង្គម។ ចំណុចនេះ សំខាន់ណាស់។ ដូច្នេះហើយ បានជាយើងត្រូវពិនិត្យមើលតាមហ្នឹង ដើម្បីលើកសរសើរ និងដើម្បីដាក់ពិន័យចំពោះនគរបាលរបស់យើង ដែលបានបំពេញភារកិច្ចល្អ និងអ្នកដែលប្រព្រឹត្តខុសឆ្គង»៕
អត្ថបទ៖ swiftnews