ព្រះភិក្ខុបណ្ឌិតធម្មឃោសាចារ្យ ឃី សុវណ្ណរតនា សកលវិទ្យាធិការរង ទទួលបន្ទុកដឹកនាំគ្រប់គ្រងពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ បានពន្យល់ និង បិណ្ឌបាត្រដល់ពួកអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតថា ពុទ្ធសាសនា បានសង្កត់ធ្ងន់ និង ច្បាស់លាស់ណាស់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិត គឺជាការកហុក ដែលជាការបំពានលើសិក្ខាបទទី ៤ នៃ សីល ៥ ដោយកំណត់ច្បាស់ថាការកុហកគឺជាបាបកម្ម ហើយវានឹងជាបាបកម្មកាន់តែធ្ងន់ធ្ងរថែមទៀត នៅពេលវាបង្កការប៉ះពាល់ដល់ភាពស្ងប់សុខរបស់មនុស្សច្រើនគ្នា ដូចជាបង្កក្តីភ័យខ្លាចជាដើម ។
ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា មុននឹងជឿលើអ្វីមួយ ត្រូវពិចារណារកហេតុផល និង ប្រភពឱ្យបានច្បាស់លាស់ ។ ហេតុនេះទាំងអ្នកដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ទាំងអ្នកចែកចាយបន្ត និង អ្នកដែលធ្លាប់ជឿតាមគេបំភ័យ សូមមេត្តាបញ្ឈប់ទង្វើបែបនោះ ព្រោះនោះមិនសមជាអ្នកកាន់ព្រះពុទ្ធសាសនាឡើយ ។
ព្រះមហាសមណៈ ឃី សុវណ្ណរតនា ពន្យល់យ៉ាងច្បាស់លាស់ និង បិណ្ឌបាត្របែបនេះ នាឱកាសនិមន្តជាព្រះអធិបតី នៃ បាឋកថាពិសេសរបស់ព្រះសីហនុរាជ នាព្រឹកថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ នេះ ។
ជាការពិតហើយ ត្រូវបានមើលឃើញជាទូទៅថា ក្តីភ័យខ្លាចយ៉ាងជ្រួលច្របល់នៅក្នុងសង្គមខ្មែររយៈពេលប៉ុន្មានមកនេះ រហូតបណ្តាលឱ្យម៉ាស់ឡើងថ្លៃដ៏មិនគួរឱ្យជឿនេះ គឺដោយសារតែការផ្សព្វផ្សាយព័ត៌មានមិនពិត និង ការចែកចាយតៗគ្នាយ៉ាងសុះសាយអំពីវត្តមានជំងឺកូរ៉ូណា បើទោះបីជាក្រសួងស្ថាប័នជំនាញ បានផ្សព្វផ្សាយយ៉ាងសកម្មថាមិនមានករណីជំងឺកូរ៉ូណា បែបនោះ ក្រៅតែ ១ ករណីនៅខេត្តព្រះសីហនុ ក៏ដោយ ហើយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសំណូមពរឱ្យសមត្ថកិច្ចចាត់ការផ្លូវច្បាប់ប្រឆាំងជនផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះទៀតផង ។
ដោយសារតែការផ្សព្វផ្សាយព័ត៌មានមិនពិត នាំឱ្យមានក្តីភ័យខ្លាចយ៉ាងរាលដាលនេះ យ៉ាងហោចណាស់មនុស្ស ៥ នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអប់រំ និង ធ្វើកិច្ចសន្យាពីបទផ្សព្វផ្សាយព័ត៌មានមិនពិតអំពីករណីជំងឺកូរ៉ូណា នេះ ។
ទោះយ៉ាងណា នៅក្នុងសង្គមហ្វេសប៊ុកដដែល អ្នកសារព័ត៌មានអាជីពមួយចំនួន បានបង្ហោះសារសម្តែងការមិនសប្បាយចិត្ត នៅពេលឃើញថាបុគ្គលដែលត្រូវបានសង្គមស្គាល់មុខ និង ដឹងឮថាជាអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតយ៉ាងសកម្មក្តី ក៏មិនឃើញមានចំណាត់ការសក្តិសម ត្រូវបានធ្វើឡើងចំពោះបុគ្គលនោះ ៕
អត្ថបទ៖ រស្មីកម្ពុជា