ជនជាតិចិន៣នាក់ដែលបានចាកចេញពីប្រទេសកម្ពុជា ត្រូវបានរកឃើញថាមានផ្ទុកនូវមេរោគកូរ៉ូណានៅពេលទៅដល់ប្រទេសចិន។ ជនជាតិចិនទាំង៣នាក់នេះ គឺជាអ្នកដែលបានរួមដំណើរតាមយន្តហោះជាមួយអ្នកឆ្លងមេរោគកូរ៉ូណាដំបូងបំផុតនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតជាភាសាចិនThe Cambo-dia China Times កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែក្រសួងសុខាភិបាលកម្ពុជាសន្និដ្ឋានថា ពួកគេទាំងនេះអាចឆ្លងមេរោគកូរ៉ូណានៅអំឡុងពេលធ្វើដំណើរ ឫ ឆ្លងពេលទៅដល់ប្រទេសចិន។
កាសែតជាភាសាចិនThe Cambodia China Times បានចុះផ្សាយដោយយោងតាមគណៈកម្មាការសុខាភិបាលនៅក្រុងស៊ិនជិននៃប្រទេសចិនថា អ្នកឆ្លងមេរោគកូរ៉ូណាជាជនជាតិចិនទាំង៣នាក់នេះគឺម្នាក់ជាបុរសអាយុ៦២ឆ្នាំនិង២នាក់ទៀតជាស្រ្តីដែលមានអាយុ៥៨ឆ្នាំនិង៦២ឆ្នាំ។ បើតាមកាសែត The Cambodia China Times គឺអ្នកទាំង៣នាក់នេះជាអ្នករស់នៅក្នុងទីក្រុងវូហាននៃខេត្តហ៊ូប៉ីជាកន្លែងនៃការផ្ទុះមេរោគកូរ៉ូណាដំបូងបង្អស់។
ពួកគេទាំង៣នាក់នេះ គឺជាអ្នកដែលបានរួមដំណើរជាមួយអ្នកដែលឆ្លងមេរោគកូរ៉ូណាករណីទី១នៅកម្ពុជាកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ពីទីក្រុងវូហានមកកាន់ប្រទេសកម្ពុជា ហើយពួកគេត្រូវបានរកឃើញថា មានមេរោគនេះពេលទៅដល់ក្រុងស៊ិនជិននៃប្រទេសចិនវិញ។ តែយ៉ាងណាក៏ដោយ ស្ថានភាពជំងឺរបស់អ្នកទាំង៣មានភាពល្អប្រសើរ បន្ទាប់ពីទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យ។ នេះបើតាមកាសែតជាភាសាចិនដដែល។
ចំពោះបញ្ហានេះ លោកលី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ជនជាតិចិនទាំង៣នាក់នេះប្រហែលជាអាចឆ្លងមេរោគកូរ៉ូណាពីជនជាតិចិនដូចគ្នានៅពេលធ្វើដំណើរចាកចេញពីកម្ពុជាទៅប្រទេសចិន។ ឫម្យ៉ាងវិញទៀត ប្រហែលជាអាចឆ្លងនៅពេលពួកគេទៅដល់ និងស្នាក់នៅក្នុងប្រទេសចិន។ លោកលី សូវ៉ាន់ បានសន្និដ្ឋានបែបនេះ ដោយសារតែលោកអះអាងថា ពេលពួកគេស្នាក់នៅក្នុងប្រទេសកម្ពុជា គឺត្រូវបានពិនិត្យសុខភាពដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តែរកមិនឃើញរោគសញ្ញាណាមួយនៃមេរោគកូរ៉ូណានេះឡើយ។
សូមបញ្ជាក់ថា គិតមកដល់ម៉ោងនេះ កម្ពុជាមានតែអ្នកឆ្លងមេរោគកូរ៉ូណាតែម្នាក់ប៉ុណ្ណោះដែលជាជនជាតិចិន ហើយកំពុងដាក់ឱ្យនៅដាច់ដោយឡែកពីគេនៅក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ។ លោកលី សូវ៉ាន់ បានបញ្ជាក់ថា ស្ថានភាពសុខភាពរបស់ជនជាតចិននេះមិនបានវិវត្តទៅរកភាពធ្ងន់ធ្ងរនោះទេ ហើយក្រុមគ្រូពេទ្យកម្ពុជាកំពុងតាមដាន និងព្យាបាលរូបគេ។ បើតាមលោកលី សូវ៉ាន់ដដែល ក្រសួងសុខាភិបាលកម្ពុជា និងចិន ក៏ដូចជាមន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោកតែងតែទាក់ទងគ្នាជាប្រចាំ ដើម្បីចែករំលែកពីស្ថានភាពថ្មីៗនៃមេរោគកូរ៉ូណានេះ និងការព្យាបាលដែលមានប្រសិទ្ធភាព។
ដោយឡែក ស្ថានទូតចិនប្រចាំនៅកម្ពុជាវិញ បានអះអាងថា នឹងនៅតែបន្តទាក់ទងយ៉ាងស្អិតរមួតជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីស្វែងរកឱ្យទាន់ពេលវេលា និងបំបែកការព្យាបាលអ្នកជំងឺដែលឆ្លងមេរោគកូរ៉ូណានេះ។ ស្ថានទូតចិនក៏បានសសើរដល់កម្ពុជាផងដែរដែលមានជំហរនៅជាប់ជាមួយចិនក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគរាលដាលថ្មីនេះ៕
អត្ថបទ៖ RFI