លោក Mikami MASSAHIRO ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងផ្សេងៗទៀត ពាក់ពន្ឋ័នឹងការធ្វើទំនើបកម្មប្រព័ន្ធនាំផ្លូវហោះហើរ ការពង្រឹងសមត្ថភាព និងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអាកាសចរណ៍ស៊ីវិលបន្តទៀតនាពេលអនាគត។
ការសន្យានេះ បានធ្វើឡើងនាថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ក្នុងជំនួបនោះ លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលជួយបណ្តុះបណ្តាលធនធានមនុស្សជំនាញអាកាសចរណ៍ស៊ីវិល និងគម្រោង New CNS/ATM ដែលធ្វើឱ្យការគ្រប់គ្រង និងនាំផ្លូវហោះហើរកាន់តែមានសុវត្ថិភាព ដូចបណ្តាប្រទេសជឿនលឿននានានៅលើពិភពលោក។
គួររម្លឹកថា កាលពីចុងឆ្នាំ២០១៩នេះ ជប៉ុន និងកម្ពុជា មានគម្រោងបង្កើនចំនួនជើងហោះហើរត្រង់បន្ថែមពីខេត្ត និងទីក្រុងនានារវាងប្រទេសទាំងពីរ ដើម្បីជំរុញឱ្យមានកំណើនទេសចរណ៍ទៅវិញទៅមក។ បច្ចុប្បន្ន មានជើងហោះហើរត្រង់របស់ជប៉ុនហោះពីទីក្រុងតូក្យូ មកភ្នំពេញ ពីភ្នំពេញទៅ ទីក្រុងតូក្យូ របស់ក្រុមហ៊ុន អល នីបប៉ុន អ៊ែរវ៉េ (All Nippon Airways) ។
តាមរបាយការណ៍ បានឱ្យដឹងថា នៅរយៈពេល ៩ខែ នៃឆ្នាំ២០១៩ ទេសចរបរទេសមកទស្សនាកម្ពុជាជាង ៤.៨លាននាក់ កើនឡើង ១០% ក្នុងនោះទេសចរជប៉ុន មានជិត ១៥ម៉ឺននាក់ កើន២.៨% ធៀបនឹងឆ្នាំ២០១៨។
តាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ចំនួន ១៣៧ បានបោះទុនវិនិយោគសរុបរហូតដល់ជាង ២ពាន់លានដុល្លារអាមេរិក៕
អត្ថបទ៖ clicknews