សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា ពលករខ្មែរធ្វើការនៅក្នុងនៅប្រទេសកូរ៉េខាងត្បូង បានបញ្ជូនប្រាក់ទៅឪពុកម្តាយរបស់ពួកគេ នៅឯស្រុកកំណើត ជាង៤០០លានដុល្លារ ក្នុងមួយឆ្នាំ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង នៅឯសណ្ឋាគារ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ពលករខ្មែរនៅកូរ៉េ បញ្ជូនប្រាក់ឲ្យឪពុកម្តាយ នៅស្រុកកំណើត ជាង៤០០លានដុល្លារ ក្នុងមួយឆ្នាំ»។
ក្នុងឱកាសនេះដែរ សម្តេចបានអំពាវនាវឲ្យកែកូរ៉េ សូមបន្តជួយថែទាំពលករឋកម្ពុជា ដែលកំពុងតែធ្វើការនៅក្នុងក្រុមហ៊ុន ឬក្នុងកសិដ្ឋានរបស់ពួកគេ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយសុវត្ថិភាព នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស។
ពិធីប្រជុំកំពូលនេះ គ្រោងប្រារព្ធធ្វើនៅរដ្ឋធានីសេអ៊ូល ពីថ្ងៃទី០៣-០៥ ខែកុម្ភៈ ឆ្នាំ២០២០ ហើយក្នុងឱកាសនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងជួបពិភាក្សាការងារជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តី ព្រមទាំងមន្រ្តីសំខាន់ៗជាច្រើនរូបទៀត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-កូរ៉េ ឲ្យកាន់តែល្អប្រសើរឡើង។
មុនចេញដំណើរពីរាជធានីភ្នំពេញ នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន សរសេរសារនៅលើហ្វេសប៊ុក នាព្រឹកនេះថា «កិច្ចប្រជុំនេះក៏នឹងជួយជួយសម្រួលដល់ការរស់នៅ និងលក្ខខណ្ឌការងាររបស់កូនក្មួយនៅកូរ៉េឲ្យបានល្អប្រសើរឡើងថែមទៀត»៕
អត្ថបទ៖ swiftnews