បើតាមការចុះផ្សាយដោយសារព័ត៌មានអង់គ្លេស Reuters នៅថ្ងៃទី២ ខែមករាម្សិលមិញនេះ បានឲ្យដឹងថាក្រុមវេជ្ជបណ្ឌិតថៃ បានប្រើថ្នាំប្រឆាំងមេរោគផ្តាសាយ រួមជាមួយថ្នាំប្រឆាំងមេរោគអេដស៍ ដើម្បីព្យាបាលជំងឺរលាកសួតធ្ងន់ធ្ងរ ដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី ដោយទទួលបានជោគជ័យលើអ្នកជំងឺដែលកំពុងមានសភាពធ្ងន់ធ្ងរ ឲ្យល្អប្រសើរឡើងវិញ។
ក្រុមគ្រូពេទ្យដែលមកពីមន្ទីពេទ្យ Rajavithi ក្នុងទីក្រុងបាងកក បានប្រើថ្នាំ oseltamivir ដែលជាថ្នាំព្យាបាលជំងឺផ្តាសាយធំ រួមបញ្ចូលគ្នានឹងថ្នាំ lopinavir និង ritonavir ដែលជាថ្នាំប្រឆាំងមេរោគអេដស៍ ទៅលើស្ត្រីជនជាតិចិនអាយុ ៧០ ឆ្នាំម្នាក់មកពីវូហាន បានចូលប្រទេសថៃកាលពី ១០ថ្ងៃមុន ខណៈបានរកឃើញថាមានផ្ទុកវីរុសកូរ៉ូណា។
ក្រោយបានទទួលការព្យាបាល ស្រ្តីជនជាតិចិនរូបនេះមានអាការៈល្អប្រសើរឡើងវិញ ប៉ុន្តែបើតាមវេជ្ជបណ្ឌិត Kriangska Atipornwanich អ្នកឯកទេសសួតនៅមន្ទីរពេទ្យ Rajavithi បានមានប្រសាសន៍ថា “ នេះមិនមែនជាការព្យាបាលផ្លូវការតាមស្តង់ដារនោះទេ ប៉ុន្តែស្ថានភាពអ្នកជំងឺក្រោយទទួលបានការព្យាបាល មានអាការៈប្រសើរឡើងយ៉ាងខ្លាំង។
លោកបានបន្តទៀតថា ការព្យាបាលវិធីសាស្រ្តដូចគ្នាគ្នានេះ ចំពោះអ្នកជំងឺពីរនាក់ផ្សេងទៀតបណ្តាលអោយមានប្រតិកម្មអាលែហ្សីខ្លះៗ ប៉ុន្តែវិធីនេះបានទទួលលិទ្ធផលល្អប្រសើរផងដែរ។
ទោះជាយ៉ាងណា ក្រុមវេជ្ជបណ្ឌិតថៃបានអះអាងថា វិធីព្យាបាលតាមការប្រើប្រាស់ថ្នាំបញ្ចូលគ្នានេះ គឺទទួលបានលិទ្ធផលឆាប់រហ័ស ប៉ុន្តែនឹងមិនយកទៅព្យាបាលគ្រប់ករណីទេ ពោលគឺព្យាបាលចំពោះតែអ្នកជំងឺមានសភាពធ្ងន់ធ្ងរប៉ុណ្ណោះ។
សូមជម្រាបជូនថា ប្រទេសថៃត្រូវបានអាជ្ញាធររកឃើញមានអ្នកជំងឺផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មីប្រមាណ ១៩ករណីហើយ ខណៈប្រទេសថៃជាប្រទេសមានលំហូរទេសចរចិន និងវិនិយោគចិនច្រើន ទើបធ្វើឲ្យប្រទេសថៃជាប់ចំណាត់ថ្នាក់មានអ្នកជំងឺផ្ទុកវីរុសកូរ៉ូណាច្រើនជាងបណ្តាប្រទេសនានា បន្ទាប់ពីប្រទេសចិន។
ប៉ុន្តែក្រោយការព្យាបាលអ្នកជំងឺ ៨នាក់បានជាសះស្បើយត្រឡប់ទៅផ្ទះជាធម្មតា ខណៈ១១នាក់ផ្សេងទៀតកំពុងតាមដានសភាពជំងឺ៕
អត្ថបទ៖ cpc