ពេលនេះ កាន់តែក្តៅហើយ ដោយសារមានការឆ្លងឆ្លើយគ្នាជាបន្តបន្ទាប់ ជុំវិញលទ្ធផលប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០ ដោយបេក្ខជនប្រឡងធ្លាក់បានប្តឹងតវ៉ាជាបន្តបន្ទាប់ ទៅស្ថាប័នមានសមត្ថកិច្ច ជាពិសេសទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ ។
ទន្ទឹមនេះ សិស្សប្រឡងជាប់ចំនួន៥៥នាក់ ក៏មិននៅស្ងៀមដែរ ដោយបានស្នើអោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចាត់ការលើសិស្សប្រឡងធ្លាក់ ឈ្មោះ គង់ ប៊ុនរិទ្ធិ ពាក់ព័ន្ធការចោទប្រកាន់ ថា ការប្រឡងនេះ គ្មានតម្លាភាព និង យុត្តិធម៌ ។
យោងតាមញត្តិ “ស្តីពីការគាំទ្រចំពោះកិច្ចដំណើរការ និង លទ្ធផលស្ថាពរ នៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០” ចុះថ្ងៃទី៣ ខែកុម្ភៈ បានបង្ហាញថា “ក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាសិស្សចៅក្រមជំនាន់ទី១០ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ សូមសម្តែងការគាំទ្រទាំងស្រុងចំពោះកិច្ចដំណើរការ និង លទ្ធផលស្ថាពរនៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០ ដោយហេតុថា កិច្ចដំណើរការប្រឡងនេះ
បានប្រព្រឹត្តទៅដោយគោរពទៅតាមបទបញ្ជា និង នីតិវិធីនៃការប្រឡង ដោយឈរលើគោលការណ៍ គឺ អ្នកមានសមត្ថភាព ចំណេះដឹងលើសគេ គឺ ជាប់ ព្រមទាំងអនុវត្តតាមគោលការណ៍តម្លាភាព យុត្តិធម៌ និង ត្រឹមត្រូវ តាំងពីដំណាក់កាលមុនប្រឡង ដំណាក់កាលក្នុងពេលប្រឡង និង ក្រោយពេលប្រឡង ជាពិសេសមានការចូលរួមសង្កេត និង តាមដានដោយអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ” ។
ញតិដែលមានស្នាមមេដៃចំនួន៥៥នាក់ ផងនោះ បានសង្កត់ធ្ងន់ថា “ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ និង យុត្តិធម៌ យើងខ្ញុំទាំងអស់គ្នាជាសិស្សចៅក្រមជំនាន់ទី១០ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ សូមស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាចាត់វិធានការចំពោះបុគ្គលឈ្មោះ គង់ ប៊ុនរិទ្ធិ និង បក្ខពួក ទៅតាមនីតិវិធីច្បាប់ជាធរមាន”។ក្រៅពីញត្តិគាំទ្រនេះ ថ្មីៗនេះ តុលាការក៏បានកោះហៅលោក គង់ ប៊ុនរិទ្ធិ ពាក់ព័ន្ធបទល្មើសបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់អោយមានការរើសអើងផងដែរ ។
ជុំវិញបញ្ហានេះ លោក គង់ ប៊ុនរិទ្ធិ ថ្លែងប្រាប់ CPC NEWS នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ នេះ ថា លោកមិនមានការព្រួយបារម្ភអ្វីនោះទេ ចំពោះចំណាត់ការរបស់តុលាការ ក៏ដូចជាញតិគាំទ្ររបស់សិស្សប្រឡងជាប់ចំនួន៥៥នាក់ ។លោក អះអាងថា គោលបំណងធំរបស់លោក គឺ គ្រាន់តែចង់អោយការប្រឡងមានតម្លាភាព និង យុត្តិធម៌ តែប៉ុណ្ណោះ ៕
អត្ថបទ៖ cpc
សាធារណជនជាទីគោរព!ខាងក្រោមនេះជាការឆ្លើយតបរបស់យើងខ្ញុំចំពោះការផ្តល់បទសម្ភាសន៍របស់ឯកឧត្តម កេង សុម៉ារិទ្ធ នាយកសាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅវិទ្យុស្រ្តីhttps://www.facebook.com/116613175028420/posts/2857424980947212/សូមសាធារណជនមេត្តាពិចារណាតាមការគួរ៕សូមអរគុណ!!
Posted by Bunrith Kong on Saturday, January 4, 2020