ការផ្ទុះឡើងនៃជំងឺ កូរ៉ូណាក្នុងទីក្រុងវ៉ូហាន នៃប្រទេសចិន នៅតែបន្តរាតត្បាត ពីមួយថ្ងៃ ទៅមួយថ្ងៃ ចំនួនអ្នកឆ្លង និងស្លាប់កើនឡើងឥតឈប់ឈរ ។ខណៈពិភពលោកកំពុងមានការព្រួយបារម្ភ និងនាំគ្នាស្វែងរកថ្នាំ ដែលអាចព្យាបាលវីរុស ដ៏កាចសាហាវនេះបាន វីដេអូរបស់គូស្នេហ៍វ័យចំណាស់មួយគូ ក៏កំពុងទទួលបានការចាប់អារម្មណ៍ និងធ្វើឲ្យគ្រប់គ្នាក្ដុកក្ដួលក្នុងអារម្មណ៍ នាំគ្នាចែកចាយបន្តពាសពេញបណ្ដាញសង្គម ។
បើតាមម្ចាស់គណនី Twitter ម្នាក់បានចែករំលែក វីដេអូមួយនេះ ដោយអះអាងថា ហេតុការណ៍ដ៏សោកសៅនេះ គឺកើតមានឡើងក្នុងប្រទេសចិន ដែលគូស្នេហ៍វ័យចំណាស់ ស្ថិតក្នុងវ័យប្រហែល ៨០ ឆ្នាំ បានធ្វើតេស្តឃើញមានផ្ទុក វីរុស ផ្លូវដង្ហើមប្រភេទថ្មីទាំង ២ នាក់
តាមរយៈវីដេអូនោះ បង្ហាញឲ្យឃើញថា ពួកគាត់ទាំង ២ បានសម្រាន្តលើគ្រែពេទ្យ ដោយដៃបាន លើកចាប់កាន់គ្នា ។ នៅពីលើវីដេអូ ម្ចាស់គណនីបានសរសេរថា «ដូចម៉េច ហៅថាគូស្នេហ៏ ? អ្នកជំងឺវ័យចំណាស់ ២ រូប នៃជំងឺកូរ៉ូណា ក្នុងវ័យ ៨០ ឆ្នាំ និយាយលាគ្នាចុងក្រោយ ក្នុងបន្ទប់ ICU ។ នេះអាចជាការជួប និងលាគ្នាចុងក្រោយ » ។
ក្នុងវីដេអូនោះ ក៏បង្ហាញដែរថា លោកតាដែលជាប្ដី បាននិយាយពាក្យផ្អែមល្ហែមទៅកាន់ប្រពន្ធរបស់គាត់ ដែលមានសភាពទន់ខ្សោយជាងគាត់ ប៉ុន្តែនៅតែអាច ចាប់កាន់ដៃប្ដីគាត់បាន ។
សកម្មភាពដ៏សង្វែគនេះ បានធ្វើឲ្យមហាជនជាច្រើន ទប់ទឹកភ្នែកមិនបានសឹងគ្រប់ៗគ្នា ខណៈឃើញសេចក្ដីស្មោះស្ម័គ្រ ស្នេហារវាងប្ដីប្រពន្ធមួយគូនេះ ។ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នា ទប់ចិត្ត ទប់ទឹកភ្នែកមិនបានទៀតនោះ គឺពួកគាត់ទាំង ២ អាចនឹងមិនអាចឃើញមុខគ្នា ជាថ្មីម្ដងទៀតនោះទេ ព្រោះថា វីរុសថ្មីនេះ គឺខ្លាំងក្លា និងពិបាកនឹងទប់ទល់បំផុត ចំពោះអ្នកដែលមានប្រព័ន្ធការពារខ្សោយ ដូចជាមនុស្សចាស់ និងក្មេងជាដើម ៕
អត្ថបទ៖ ប្រជាប្រិយ