លោក ស៊ី ជីនពីង ប្រធានាធិបតីចិនបានប្រាប់សម្តេចតេជោ ហ៊ុន សែន ថាកម្ពុជាមិនត្រូវអោនក្បាលចំពោះសហគមន៍អឺរ៉ុបនោះទេ។ប្រសិនជាកម្ពុជាអោនក្បាលចំពោះសហគមន៍អឺរ៉ុបនោះវានឹងធ្វើឲ្យមានគ្រោះថា្នក់ដល់កម្ពុជាព្រោះមានប្រទេសខ្លះចង់ធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់រ ។
លោក ស៊ី ជីនពីង បានលើកឡើងបែបនេះនៅក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីល្ងាចថ្ងៃទី ៥ ខែកុម្ភៈ ២០២០ នៅទីក្រុងប៉េកាំងប្រទេសចិន ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាដែលកំណើនសេដ្ឋកិច្ចអាចនឹងថយចុះបន្តិចនៅក្នុងឆ្នាំ២០២០នេះដោយសារសភា ពការណ៍មិនទៀងទាត់របស់ពិភពលោក ជាមួយនឹងស្ថានភាពដែលសហភាពអឺរ៉ុបត្រៀមដកEBA ពីកម្ពុជានៅពាក់កណ្តាលខែកុម្ភៈឆ្នាំនេះ។
ក្នុងស្មារតីនេះសម្ដេចតេជោហ៊ុនសែនបានស្នើទៅលោក xi jinping ឱ្យជួយគាំទ្រវិនិយោគចិននៅកម្ពុជាដែលមានរោងចក្រប្រមាណ ៧០% ឲ្យបន្តស្ថិតនៅក្នុងប្រទេសកម្ពុជាបន្តទៀត ។ សម្តេចបន្តថារាជរដ្ឋាភិ បាលកម្ពុជានឹងខិតខំកែប្រែបញ្ហាមួយចំនួនទៀតដើម្បីគាំទ្របណ្ដារោងចក្រទាំងនោះឲ្យបន្តឋិតនៅកម្ពុជានិងស្នើសុំឲ្យលោកប្រធានាធិបតីចិនជួយបន្តជំរុញវិនិយោគទុនមកកម្ពុជាបន្ថែមទៀតនិងពង្រីកទីផ្សារផលិតផលកម្ពុជានៅក្នុងប្រទេសចិនផងដែរ។ក្នុង ន័យនេះសម្ដេចក៏ស្នើសុំឲ្យមានការ បង្កើនល្បឿននៃកិច្ចចរចាពាណិជ្ជកម្មសេរីរវាងកម្ពុជាចិនដើម្បីធ្វើយ៉ាងណាអាចចុះហត្ថលេខានៅពេលខាងមុខឆាប់ៗដើម្បីបង្ហាញសារទៅដល់សហគមន៍អន្តរជាតិផងដែរ ។
សម្ដេចបានគូសបញ្ជាក់ថាចិនតែងតែចាត់ទុកកម្ពុជាជាមិត្តដែកថែបរបស់ប្រទេសចិនដូច្នេះយើងគួរតែពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរជា រួមទំនាក់ទំនងរវាងកម្ពុជាចិនជាពិសេសពាក់ព័ន្ធនឹងការវិនិយោគនិងពាណិជ្ជកម្មឲ្យបានដំណើរការទៅមុខយ៉ាងរលូនហើយមានល្បឿនល្អ។សម្ដេចបន្តថានៅខែមីនាខាងមុខសម្ដេចនឹងទៅសម្ពោធ ផ្លូវដែលមានជាង ៣00 គីឡូម៉ែត្រជាផ្លូវមួយដែលជាជំនួយរបស់ប្រទេសចិនដល់ប្រទេសកម្ពុជា ។ពាក់ព័ន្ធកិច្ចសហការលើវិស័យច្បាប់វិញប្រទេសកម្ពុជាបានបិទជាស្ថាពរនូវល្បែងអនឡាញក្នុងគោលបំណងពង្រឹងសន្តិសុខជាតិនិងលុបបំបាត់នូវអំពើឧក្រិដ្ឋកម្មនៅក្នុងប្រទេសកម្ពុជាហើយក៏អាចជួយដល់ប្រទេសចិនផងដែរ ។
ជាការឆ្លើយតបលោកប្រធានាធិបតីចិនបានមានប្រសាសន៍ថា៖ឆ្នាំនៅខែមករាឆ្នាំ ២០ ១៩ កន្លងទៅនេះលោកបានលើកឡើងអំពីការអនុវត្តច្បាប់នៅទីក្រុងព្រះសីហនុផងដែរ,ហើយសម្ដេចហ៊ុនសែនក៏បានបញ្ចប់នូវល្បែងអនឡាញនៅកម្ពុជា។លោកប្រធានាធិបតីបញ្ជាក់ថាចិននឹងផ្ដល់ជំនួយដល់ប្រទេសកម្ពុជាពិសេសខេត្តព្រះសីហនុនេះតាមការចាំបា ច់របស់ប្រទេសកម្ពុជា។ជាមួយនេះលោក ស៊ី ជីនពីង បានបញ្ជាក់ថាលោកពិតជាបានដឹងអំពីសម្ពាធរបស់សហគមន៍អឺរ៉ុបមកលើកម្ពុជា,
តែទោះបីយ៉ាងណាក៏ដោយលោកបញ្ជាក់ថាលោកគាំទ្រចំពោះកម្ពុជា,ហើយរាជរដ្ឋាភិបាលកម្ពុជាមិនត្រូវឱនក្បាលចំពោះសហគមន៍អឺរ៉ុបនោះទេ ។ លោក ស៊ី បានគូសបញ្ជាក់ថាបើមិនដូច្នេះទេអ្វីៗនឹងប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជា ព្រោះមានប្រទេសខ្លះគេចង់ធ្វើបដិវត្តន៍ពណ៌ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ។
ក្នុងន័យនេះភាគីចិននឹងបន្តគាំទ្រកម្ពុជារដ្ឋាភិបាកចិននិងលើកទឹកចិត្តឱ្យអ្នកវិនិយោគចិនទៅវិនិយោគនៅកម្ពុជាហើយនិងនាំចូលផលិតផលពីកម្ពុជាមកកាន់ទីផ្សារប្រទេសចិន។ ជាមួយនេះលោក ស៊ី ជីនពីង ក៏បានស្នើឲ្យរាជរដ្ឋា ភិបាលកម្ពុជា បន្តធ្វើយ៉ាងណាឲ្យបរិយាកាសវិនិយោគនៅកម្ពុជាមានភាពប្រសើរឡើងថែមទៀតដើម្បីឲ្យអ្នកវិនិយោគចិនអាចបន្តធ្វើពាណិជ្ជកម្មនិងធុរកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ ។ លោកបានស្នើឲ្យមានការពិនិត្យមើលថាតើក្រុមហ៊ុនចិនដែលវិនិយោគនៅកម្ពុជានោះមានប្រឈមបញ្ហាអ្វីខ្លះដើម្បីឲ្យរដ្ឋាភិបាលចិន អាចជួយដល់ពួកគេក្នុងការបន្តធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជាបន្តទៀត ៕
អត្ថបទ៖ រស្មីកម្ពុជា