ក្រសួងអប់រំ យុវជន និងកីឡា បានប្ដេជ្ញាចិត្តនឹងអនុវត្តកំណែទម្រង់ថ្មីឲ្យបានតឹងរឹងបំផុត ចំពោះមន្ត្រីដែលដើរតួជាប៉ូលិសផង និងជាចោរផងនៅក្នុងសហព័ន្ធកីឡាជាតិ បើរកឃើញនឹងត្រូវវះកាត់មិនអនុញ្ញាតឲ្យរាំស្ទះ ដល់ការអភិវឌ្ឍន៍វិស័យកីឡាជាតិឡើយ។
នេះបើតាមការបញ្ជាក់យ៉ាងម៉ឺងម៉ាត់របស់ឯកឧត្ដម ស សុខា ចំពោះមន្ត្រីក្រសួង មន្ទីរ និងសហព័ន្ធកីឡាជាតិទាំងអស់ ក្នុងកិច្ចប្រជុំបូកសរុបការងារអនុវិស័យឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ កាលពីថ្មីៗ។
ការពោលពាក្យមន្ត្រីដើរជាប៉ូលិសផង និងជាចោរផងនេះ គឺឯកឧត្ដម ស សុខា សំដៅលើប្រធានសហព័ន្ធ អគ្គលេខាធិការ ឬថ្នាក់ដឹកនាំសហព័ន្ធមួយចំនួន ដែលបានអនុវត្តការងារផ្ទុយពីឋានានុក្រម ដោយគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបច្ចុប្បន្នបញ្ហានេះក៏នៅតែមានតិចតួច ដែលក្រសួងកំពុងយកចិត្តទុកដាក់ និងប្ដេជ្ញាលុបបំបាត់ឲ្យអស់ចាប់ពីឆ្នាំ២០២០ នេះតទៅ ដើម្បីចៀសវាងផលប៉ះពាល់ដល់ការអភិវឌ្ឍន៍វិស័យកីឡាជាតិ ពិសេសប៉ះពាល់ដល់ផែនការឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣។
បន្ថែមលើនេះរដ្ឋលេខាធិការក្រសួងអប់រំដដែលបានសង្កត់ធ្ងន់ថា ក្នុងនាមអាណាព្យាបាលក្រសួងមិនបណ្ដោយឲ្យបុគ្គល ២ ឬ ៣នាក់ធ្វើព្យុះភ្លៀងតាមអំពើចិត្ត ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រួមនោះទេ។ ម្យ៉ាងវិញទៀតឯកឧត្ដមថែមទាំងជំរុញឲ្យថ្នាក់ដឹកនាំសហព័ន្ធ ឬគ្រប់ភាគីពាក់ព័ន្ធត្រូវហ៊ានសារភាព បើខ្លួនអសមត្ថភាពដឹកនាំដើម្បីរកដំណោះស្រាយ និងរកផ្លូវដើរឆ្ពោះទៅរកភាពរីកចម្រើន ក៏ដូចជាទទួលបានជោគជ័យក្នុងការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ទៀតផង៕
អត្ថបទ៖ btv