មន្ត្រីអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងទៅ ប្រៀបធៀបនឹងឆ្នាំ២០១៨ ការនាំចេញអង្ករទៅទីផ្សារប្រទេសចិនមានកំណើនប្រមាណ ២៤% នៅពេលដែលការនាំចេញអង្កររបស់ប្រទេសជិតខាងទៅទីផ្សារចិនដូចគ្នា មានការធ្លាក់ចុះប្រមាណពី ៣០ ទៅ ៦០%ឯណោះ។
នៅក្នុងសន្និសីទសារព័តមាន ស្តីពីបច្ចុប្បន្នភាពនិងវឌ្ឍនភាពរបស់ក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្ដម ស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា បន្ទាប់ពីកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយភាគីចិន ស្តីពីការនាំចេញអង្ករទៅកាន់ប្រទេសចិនសរុបចំនួន ៤០ម៉ឺនតោន សម្រាប់ឆ្នាំ២០១៩ ក្នុងនោះ កម្ពុជាសម្រេចកំណើនរហូតដល់ជាង ២០%។
ជាមួយគ្នានេះ ឯកឧត្តម ចាន់ សុខទី អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីឆ្នាំ២០១៩ ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិមានចំនួន ៦២០ពាន់តោន តួលេខនេះមានប្រហាក់ប្រហែលនឹងឆ្នាំ២០១៨ ក្នុងនោះ ចិន នៅតែជាប្រទេសគោលដៅនាំចេញអង្ករច្រើនជាងគេពីកម្ពុជារហូតដល់ចំនួន ២៤ម៉ឺន ៨ពាន់តោន បើធៀបឆ្នាំ២០១៨ អង្ករកម្ពុជាដែលនាំទៅចិនកើនឡើង ៣៣% នៅពេលដែលប្រទេសជិតខាង (វៀតណាម,ថៃ) មានការធ្លាក់ចុះ គឺផ្ទុយខុសពីកម្ពុជា។
ទាក់ទងនឹងការនាំអង្ករចេញខាងលើនេះដែរ ឯកឧត្តមអគ្គនាយក បានបញ្ជាក់បន្ថែមថា ដោយឡែកចំពោះទីផ្សារសហគមអឺរ៉ុបនាឆ្នាំកន្លងទៅ មានប្រមាណ ២០ម៉ឺនតោន គឺធ្លាក់ចុះប្រមាណ២៥% ដោយសារតែភាគីសហភាពអឺរ៉ុបចាប់ផ្តើមអនុវត្តវិធានការការពារ មានន័យថាការនាំចូលអង្កររបស់កម្ពុជាតម្រូវបង់ពន្ធ ដោយក្នុង១តោន គឺចំនួន ១៧៥អឺរ៉ូ ស្មើនឹងប្រមាណ ២០០ដុល្លារអាមេរិក។
តាមការរំពឹងទុករបស់កម្ពុជា ការនាំអង្ករទៅកាន់ទីផ្សារសហគមអឺរ៉ុបនាឆ្នាំ២០២០នេះ អាចនឹងកើនឡើងជាងឆ្នាំ២០១៩ ដោយសារតែតួលេខបង់ពន្ធនឹងធ្លាក់ចុះចំនួន២៥អឺរ៉ូ មានន័យថា ឆ្នាំទី១(២០១៩) ត្រូវបង់ពន្ធ១៧៥អឺរ៉ូ ក្នុង១តោន, ឆ្នាំទី២ (២០២០) ចំនួន១៥០អឺរ៉ូ និងឆ្នាំទី៣ (២០២១) ត្រូវបង់ពន្ធចំនួនតែ ១២៥អឺរ៉ូប៉ុណ្ណោះ ក្នុង១តោន៕
អត្ថបទ៖ btv