នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងពាណិជ្ជកម្ម» ។ ក្នុងឱកាសនោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសំណូមពរប្រជាពលរដ្ឋ កុំមានការភ័យខ្លាចការបាត់ប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុប ព្រោះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមទប់ទល់រួចរាល់អស់ហើយ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ ឬហៅកាត់ថា EBA គ្រាន់តែជាព្រឹត្តិការណ៍នយោបាយ មិនមែនជាបីសាច ដូចវីរ៉ុសកូរ៉ូណាទេ ពោលវាគ្រាន់តែជាព្រឹត្តិការណ៍ ធ្វើវិទ្ធង្សនា ផ្លូវចិត្តសាស្ត្រតែប៉ុណ្ណោះ ហើយរាជរដ្ឋាភិបាល បានរៀបចំជាកញ្ចប់ថវិកាស្រេចរួចទៅហើយ ដើម្បីឆ្លើយតបជាមួយនឹងការដក ឬការកាត់បន្ថយ EBA។ ការកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធ EBA គ្រាន់តែឲ្យកម្ពុជា ឬអ្នកនាំចេញអីវ៉ាន់ពីកម្ពុជា បង្កើនការបង់ពន្ធតែប៉ុណ្ណោះ ដោយឡែកកម្ពុជាអត់មានបាត់ទីផ្សារ នៅសហគមន៍អឺរ៉ុបនោះទេ។
លោក ផៃ ស៊ីផាន បញ្ជាក់ថា យើងដឹងថា កម្ពុជារបស់យើងបានត្រៀមលក្ខណៈបាត់បង់ទាំងអស់ទៅហើយ ពីព្រោះដោយសារកំណើនសេដ្ឋកិច្ចរបស់យើង ទោះចង់មិនចង់។ កាត់បាត់ EBA ចំណុចណាមួយ ឬបាត់ទាំងអស់ វាគឺជាការបង្ហាញសមត្ថភាពរបស់យើង យើងរស់បាន។ នៅក្នុងអាស៊ាន មានតែប្រទេស៣ទេ ដែលមាន EBA គឺកម្ពុជា ភូមា និងឡាវ។ ចំណែកប្រទេស៧ទៀត គេអត់ត្រូវការ EBA ទេ គេបង់ពន្ធជូនធម្មតា៕
អត្ថបទ៖ kbn