ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យកសិកម្មចិនខាងត្បូង និងមន្ទីរពិសោធន៍ទំនើប លីនណានក្វាងទុង បានប្រកាសកាលពីថ្ងៃសុក្រទី៧ កុម្ភៈនេះ ប្រកាសថា ពួកគេបានរកឃើញនូវរបកគំហើញដ៏សំខាន់មួយ អាចជាប្រភពដើមនៃការផ្ទុះឡើងនៃជំងឺរលាកសួតប្រភេទថ្មី កូរ៉ូណាវីរុសនេះ បើតាមព័ត៌មានចិន ស្សិនហួរ ។
តាមការសិក្សាជីវសាស្ត្រមួយ ដោយក្រុមអ្នកស្រាវជ្រាវចិន បានសង្កេតមើលរចនាសម្ព័ន្ធរបស់វាជាមួយមីក្រូទស្សន៍អេឡិចត្រុង បានរកឃើញថា ប្រភេទហ្សែនដែលបំបែកចេញពីសត្វពង្រូល គឺប្រហាក់ប្រហែលគ្នា ៩៩ភាគរយ នឹងលទ្ធផលនៃការវិភាគហ្សែនរបស់មេរោគដែលកំពុងឆ្លងមនុស្ស 2019-nCoV ដែលបង្ហាញថា សត្វពង្រូលអាចជាប្រភពដើមនៃវីរុសថ្មីនេះ ។
យោងតាមសាស្ត្រាចារ្យ សិន យ៉ុងយី អ្នកស្រាវជ្រាវម្នាក់ មកពីសាកលវិទ្យាល័យកសិកម្មចិនខាងត្បូង បាននិយាយ ក្រុមស្រាវជ្រាវបានវិភាគសំណាកសត្វព្រៃជាង១.០០០ប្រភេទ ដែលបានប្រមូលមកពីផ្សារលក់សត្វរស់មួយកន្លែងក្នុងទីក្រុងវូហាន និងបានរកឃើញថា ម៉ូលេគុលក្នុងសត្វពង្រូល មានអត្រាវិជ្ជមាននៃវីរុសកូរ៉ូណា គឺ៧០ភាគរយ ។
ទោះជាយ៉ាងណាលោកសាស្ត្រាចារ្យ សិន អះអាងថា ប្រហែលជា សត្វពង្រូល មិនមែនជាប្រភពចម្លងវីរុសតែមួយទេ គឺមានសត្វព្រៃដទៃទៀតផងដែរ ។ លោកសាស្ត្រាចារ្យលើកឧទាហរណ៍ថា ជំងឺ SARS ក្រៅពី«សត្វប្រចៀវ» គឺមានសត្វចិញ្ចឹមក្នុងស្រុកដទៃទៀត ក៏អាចជាប្រភពនៃការរីករាលដាលនៃវីរុស SARS ផងដែរ ។
ដោយឡែកនៅប្រទេសកម្ពុជាវិញ បើតាមលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់ការបរិភោគសាច់សត្វព្រៃជាបន្ទាន់ ដើម្បីចៀសវាងការឆ្លងជំងឺប្រភេទថ្មីៗ ពិសេសមេរោគកូរ៉ូណាថ្មី តែម្តង ព្រោះថាវីរុសនេះឆ្លងមកពីប្រភពសត្វព្រៃ ៕
អត្ថបទ៖ kbn