ម្ចាស់ទូកដំណើរកម្សាន្តតាមដងព្រែកកំចាយបានត្អូញត្អែរថាក្រោយពេលផ្លាស់ប្តូរចំណតថ្មីជាងមួយខែកន្លងមកសេវាកម្មនេះបានបាត់បង់ទេសចរណ៍ប្រមាណ៦០ភាគរយដោយសារ ទីតាំងឆ្ងាយពីកន្លែងស្នាក់របស់ភ្ញៀវ។បញ្ហាមួយទៀតអាចនឹងប្រឈមសម្រាប់ម្ចាស់អាជីវកម្មគឺការហាមប្រាមក្នុងការលក់គ្រឿងឧបភោគបរិភោគនៅលើទូកកម្សាន្តផ្ទាល់។
លោកមាសរីមម្ចាស់ទូកទេសចរណ៍ណាហ្គាហៅស៍បានរៀបរាប់ថាជាង១០ឆ្នាំកន្លងមកនេះទូកដឹកភ្ញៀវកម្សាន្តតាមដងព្រែកកំពង់បាយពិតជាមានប្រជាប្រិយភាពណាស់។សកម្មភាពនៃសេវាកម្មទូកទេសចរណ៍បានរួមចំណែកក្នុងការទាក់ទាញភ្ញៀវជាតិ អន្តរជាតិជាច្រើនឱ្យ មកកម្សាន្តនៅខេត្តកំពត។
ម្ចាស់ទូកទេសចរណ៍ដដែលបានបញ្ជាក់ថាក្រោយពេលប្តូរទីតាំងពីចំណុចគល់ស្ពាឥន្ទធនូត្រើយខាងកើតមកនៅត្រើយខាងលិចនេះ។ទោះបីរយៈពេលជាងមួយខែកន្លងផុតទៅហើយក្តីចំនួនអ្នកទេសចរនៅតែបន្តបាត់បង់ដោយសារចំណតថ្មីភ្ញៀវមិនទាន់បានស្គាល់។ម្យ៉ាងទៀតចំណតថ្មីនៅឆ្ងាយពីកន្លែងស្នាក់ដែលភ្ញៀវត្រូវជិះរថយន្តឬម៉ូតូមកកាន់ទីនេះ។លើសពីនោះនៅច្រាំងត្រើយខាងលិចជម្រៅទឹករាក់ពិបាកចូលចត និងចេញទូកម្តងៗ។
លោកមាសរីមបានបន្តថារាល់ថ្ងៃបើតាមចំណូលបានមកពីភ្ញៀវជិះទូកមិនអាចគ្រប់គ្រាន់ក្នុងការចំណាយឱ្យបុគ្គលិកទេ តែពឹងមួយផ្នែកធំលើការលក់ចំណីអាហារ និងភេសជ្ជៈទើបជួយទប់ទល់រួច។ ប្រសិនបើមានការហាមឃាត់មិនឱ្យលក់ដូរលើទូកមែនម្ចាស់ទូកទេសចរណ៍ទាំងអស់អាចប្រឈមនឹងការខាតបង ឬអ្នកខ្លះត្រូវបង្ខំចិត្តជួលទូកឱ្យគេដែលនាំមកនូវវិបត្តិសេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃហើយ។
តាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថាបច្ចុប្បន្នទូកទេសចរណ៍កំពុងដំណើរការដឹកភ្ញៀវលើដងព្រែកកំចាយមានចំនួន១៦គ្រឿង។ ក្នុងនោះកំពុងសុំអាជ្ញាប័ណ្ណចំនួនបួនគ្រឿង។ ដោយឡែកការលក់ដូរចំណីអាហារនិងភេសជ្ជៈផ្សេងៗនៅលើទូកជាប្រភពចំណូលដ៏សំខាន់របស់អាជីវករ។ម្យ៉ាងទៀតការលក់ចំណីអាហារនិងភេសជ្ជៈក៏ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវឱ្យមកជិះទូកកម្សាន្តតាំងពីពេលថ្ងៃរហូតដល់រំលងអធ្រាត្រផងដែរ។
សូមបញ្ជាក់ថានាកិច្ចប្រជុំមួយនៅពេលថ្មីៗនេះរដ្ឋបាលខេត្តកំពតគ្រោងនឹងធ្វើការសិក្សាក្នុងការហាមប្រាមអាជីវករមិនឱ្យលក់ឬអនុញ្ញាតឱ្យភ្ញៀវទទួលទានអាហារនិងភេសជ្ជៈនៅលើទូកទេសចរណ៍ដើម្បីថែរក្សាអនាម័យបរិស្ថានទឹកព្រែក។ប៉ុន្តែគម្រោងនេះមិនទាន់បានចេញជាគោលការណ៍ដើម្បីធ្វើការណែនាំ ឬផ្សព្វផ្សាយជាផ្លូវការនៅឡើយទេ៕
អត្ថបទ៖ ដើមរាំង