ជាមួយនឹងការរីករាលដាលនៃវីរុសកូរ៉ូណាថ្មីក្នុងទីក្រុងវ៉ូហាន ប្រទេសចិនបានខិតខំដុតដៃដុតជើងជាខ្លាំង ដើម្បីដោះស្រាយស្ថានការណ៍ដ៏អាក្រក់នេះ ។ដោយចំនួនអ្នកឆ្លងចេះតែបន្តកើនឡើងឥតឈប់ឈរ អាជ្ញាធរបានព្យាយាមប្រឹងប្រែងបង្កើតមន្ទីរពេទ្យថ្មីៗ រួមទាំងការច្នៃមណ្ឌលចាស់ៗ ឲ្យក្លាយជាកន្លែងបណ្ដោះអាសន្នសម្រាប់ដាក់អ្នកជំងឺ ដែលបានឆ្លងវីរុសថ្មីនេះ ដើម្បីកុំឲ្យរីករាលដាលទៅមនុស្សដទៃទៀត ។
បើទោះបីជាអាចដាក់បានអ្នកជំងឺច្រើនក្ដី ប៉ុន្តែបើតាម China Press បានឲ្យដឹងថា ស្ថានភាពអ្នកជំងឺនៅទីនោះ គឺមិនល្អប្រសើរឡើយ ដោយមនុស្សជិតមួយពាន់នាក់ ត្រូវបានដាក់ឲ្យសម្រាករួមគ្នា ដោយមិនសូវមានបុគ្គលិកពេទ្យណាតាមដាន និង មើលថែឡើយ ។
ចំពោះអាហារពេលព្រឹកវិញ គឺមានបរិមាណតិច ជាពិសេសនោះ មនុស្សទាំង ១០០០ នាក់ ត្រូវប្រើប្រាស់បន្ទប់ទឹកតែមួយរួមគ្នា ដោយគ្មាននរណាសម្អាតឲ្យបានស្អាតឡើយ ។ ជាងនេះទៅទៀត អ្នកជំងឺអាចឮសំឡេងក្អក ពីម្នាក់ទៅម្នាក់ ដែលបែបនេះ ពិតជាមានការពិបាកបំផុត ចំពោះពួកគេក្នុងការជាសះស្បើយពីជំងឺនេះ ៕
អត្ថបទ៖ ប្រជាប្រិយ