រដ្ឋាភិបាលជប៉ុនបាននិយាយនៅព្រឹកថ្ងៃសៅរ៍នេះថា មនុស្ស ៣ នាក់បន្ថែមទៀតនៅលើនាវាទេសចរណ៍មួយរបស់ប្រទេសជប៉ុន បានធ្វើតេស្តិ៍រកឃើញមេរោគរលាកសួតប្រភេទថ្មីកូរ៉ូណាវីរុស។ ការរកឃើញថ្មីបន្ថែមនេះបានធ្វើឱ្យអ្នកដំណើរ ៦៤នាក់នៅក្នុងចំណោម អ្នកដំណើរនៅលើកប៉ាល់ទាំងអស់ ៣៧០០នាក់ផ្ទុកវីរុសកូរ៉ូណា ។
បើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្រុមគ្រូពេទ្យជប៉ុនបានធ្វើតេស្តភ្ញៀវទេសចរ ២៨០នាក់ ក្រោយអ្នកដំណើរដែល ជាជនជាតិចិនម្នាក់ដែលបានចុះចតនៅហុងកុងកាលពីខែមុនត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានវីរុសនេះ។
កប៉ាល់ខាងលើមានឈ្មោះថា Diamond Princess និងប្រតិបត្តិការដោយក្រុមហ៊ុនរបស់ប្រទេសជប៉ុន ត្រូវបានហាមទម្លាក់ចុះអ្នកដំណើរ រហូតទាល់តែការធ្វើតេស្ដរកអ្នកឆ្លងវីរុសកូរ៉ូណា បញ្ចប់ទាំងស្រុងជាមុនសិន។
ដោយឡែក បើតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ជនជាតិចិនម្នាក់មកពីចិនដីគោក បានឡើងជិះកប៉ាល់នៅចន្លោះពីថ្ងៃទី២៩ និងថ្ងៃទី២៤ ខែមករា ផងដែរ នោះ ត្រូវបានគេពិនិត្យឃើញថាបានឆ្លងវីរុសកូរ៉ូណា។ ប៉ុន្តែ ខាងកប៉ាល់នេះបានអះអាងថា បច្ចុប្បន្នមិនមានអ្នក ដំណើរណាម្នាក់នៅលើកប៉ាល់ មកពីចិនដីគោកឡើយ។
គួរជម្រាបថា គិតត្រឹមថ្ងៃសៅរិ៍ចុងសប្តាហ៍នេះ ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី បានកើនឡើងដល់ ៧២៤នាក់ហើយ ខណៈ មនុស្សរហូតដល់ ៣៤,០០០នាក់បានឆ្លង៕
អត្ថបទ៖ CPC