ខេត្តព្រះវិហារ៖អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈម្សិលមិញថា បើរដ្ឋបាលក្រុងស្រុកណាមួយ មិនមានសមត្ថភាពដោះស្រាយទំនាស់ដីធ្លី ប្រកបដោយភាពយុត្តិធម៌ និងតម្លាភាព អាចទទួលយកបាននោះទេ នឹងត្រូវស្នើសុំទៅកាន់រាជរដ្ឋាភិបាល ដើម្បីទុកលទ្ធភាពឲ្យអ្នកមានសមត្ថភាព និងឆន្ទៈពិតប្រាកដ មកធ្វើជំនួសវិញ ។
លោក ប្រាក់ សុវណ្ណ បានថ្លែងបញ្ជាក់ថា ករណីទំនាស់ដីធ្លីនៅខេត្តព្រះវិហារ នៅសល់ច្រើនដែលមិនទាន់ បានដោះស្រាយនៅឡើយ។ ដោយ ទំនាស់ខ្លះមានទ្រង់ទ្រាយតូច និងទំនាស់ខ្លះទៀតក៏មានទ្រង់ទ្រាយធំ ដែលទាមទារត្រូវការពេលវេលាយូរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកសូមឲ្យអាជ្ញាធរក្រុង ស្រុកនីមួយៗ និងមន្ទីររៀបចំដែនដី ត្រូវធ្វើបច្ចុប្បន្នភាពករណីទំនាស់ទាំងអស់ ក្នុងដែនដីនីមួយៗបញ្ជូនមករដ្ឋបាលខេត្ត ។
លោក ប្រាក់ សុវណ្ណ ក៏បានថ្លែងជំរុញដល់រដ្ឋបាលក្រុងស្រុកនីមួយៗ ត្រូវខិតខំដោះស្រាយវិវាទដីធ្លី នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ឲ្យមានប្រសិទ្ធិភាពខ្ពស់ ព្រោះថា បើយើងមិនបានដោះស្រាយ ទំនាស់ដីធ្លីនេះ ដោយភាពយុត្តិធម៌ និងតម្លាភាព ប្រកបដោយបរិយាប័ន្នទេនោះ វានឹងបណ្តាលឲ្យកើតជំងឺរ៉ាំរ៉ៃជាក់ជាមិនខាន៕
អត្ថបទ៖ សៀមរាបប៉ុស្តិ៍