រដ្ឋមន្រ្តីសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បាននិយាយថា ប្រទេសថៃមិនអនុញ្ញាតឲ្យកប៉ាល់១គ្រឿងដែលដឹកភ្ញៀវទេសចរណ៍២ ២០០នាក់ ចូលចតនៅឯកំពង់ផែក្រុង ឡេមឆាបាង (Laem Chabang) ទេ ព្រោះខ្លាចមនុស្សនៅលើកប៉ាល់នោះមានអ្នកផ្ទុកវីរុសកូរ៉ូណា មកចម្លងដល់ពលរដ្ឋថៃ។
យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ ដែលចេញផ្សាយនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ថា លោក Anutin បានបង្ហោះសារខ្លីមួយលើបណ្តាញសង្គម Facebook ដោយបញ្ជាក់ថា លោកបានបង្គាប់អាជ្ញាធរថៃ «មិនឲ្យអនុញ្ញាត» ឲ្យកប៉ាល់ទេសចរណ៍ឈ្មោះ វែស្ទឺរដាម (Westerdam) ចូលចតនៅកំពង់ផែប្រទេសថៃដាច់ខាត។
សូមបញ្ជាក់ថា កប៉ាល់ ឈ្មោះ វែស្ទឺរដាម (Westerdam) ដែលដឹកមនុស្សចំនួន ២ ២០០នាក់នេះ គឺមានភ្ញៀវទេសចរ ចំនួន ១ ៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ ហើយវាជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិកហូឡេនដ៍ (Holland America) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
កប៉ាល់នេះ បានចាកចេញពីទីក្រុងហុងកុងប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ហើយត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណា ហើយចុងក្រោយនេះ សូម្បីតែប្រទេសថៃ ក៏មិនអញ្ញាតចូលចតដែរ៕
អត្ថបទ៖ kbn