ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា បានបង្ហាញអាការៈសប្បាយចិត្តនៅពេលដែលប្រជាជនចូលរួមនៅក្នុងពិធីបើកការដ្ឋានសាងសង់នាថ្ងៃនេះ គ្មានអ្នកណាពាក់ម៉ាស។ សម្ដេចបានបញ្ជាក់ថា កន្លងមក ពលរដ្ឋកើតមានជំងឺភ័យខ្លាច ជាងវីរ៉ុសកូរ៉ូណា នាំគ្នាផ្អើលជ្រើមជ្រួលពាក់ម៉ាស បង្កឲ្យម៉ាសឡើងថ្លៃ។
យ៉ាងណាក៏ដោយប្រមុខរដ្ឋាភិបាល បានថ្លែងអំណរគុណ ដល់ក្រសួងសុខាភិបាល ដែលបានចាត់វិធានការទាន់ពេលវេលា ក្នុងការទប់ស្កាត់នូវវីរ៉ុសដ៏កាចសាហាវមួយនេះ។ បន្ទាប់ពីករណីបុរសជនជាតិចិន ដែលផ្ទុកវីរ៉ុសនេះ បានចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃច័ន្ទ និងបន្តដំណើរទៅកាន់ប្រទេសកំណើតវិញ នៅថ្ងៃទី១១ ខែកុម្ភៈនេះ ៕
អត្ថបទ៖ kbn