សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើសុំដល់មិត្តកូរ៉េ តាមរយៈលោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីតំបន់ជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំ នៅតំបន់អរិយក្ស ខណៈប្រទេសទាំង២ នៅមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅឡើយទេ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឲ្យដឹងថា តាមការប៉ាន់ស្មានគម្រោងសាងសង់ស្ពាននេះ អាចនឹងចំណាយពី៤០ ទៅ៥០លានដុល្លារ ។
ការថ្លែងបែបនេះ របស់សម្តេចតេជោ ធ្វើឡើងក្នុងពិធីបើកការដ្ឋានគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ (ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់) និងផ្លូវជាតិលេខ២២ (ពីអូរចំបក់ ដល់អង្គតាសោម) នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា “ខ្ញុំបាននិយាយផ្ទាល់ជាមួយឯកឧត្ដម មូនជេ អ៊ីន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េតែម្តង ខ្ញុំថា ឯកឧត្តម កម្ពុជាមានស្ពានមិត្តភាពកម្ពុជា-ជប៉ុន ស្ពានមិត្តភាពកម្ពុជា-ចិន ។ ក៏ប៉ុន្តែនៅមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ” ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា នៅចុងខែកុម្ភៈ ខាងមុខនេះ ប្រធានអង្គការ KOICA នឹងមកទស្សនកិច្ចនៅកម្ពុជា ហើយនាំទៅមើលកន្លែងសាងសង់ស្ពានតែម្តង ព្រោះថា ឥឡូវនឹង តំបន់អរិយក្សជាតំបន់ដែលអភិវឌ្ឍន៍ ។
សម្ដេចតេជោបានលើកឡើងថា កូរ៉េបានផ្តល់កម្ចីហិរញ្ញប្បទានមកកម្ពុជាឆ្នាំ២០១៩-២០២៣ ចំនួន៧០០លានដុល្លារ ។ ដូច្នេះ ថវិកាទាំងនេះ ចំណុចអាទិភាពដល់កម្ពុជា ដើម្បីស្នើសុំបែងចែកថវិកា នៃឥណទានសម្រាប់ផ្តល់កម្ពុជាលើគម្រោងស្ពាននឹងតែម្តង ។
ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានបន្ថែមថា បើប្រជាកសិករ ធ្វើការផលិត និងទទួលបានផលហើយ តែគ្មានផ្លូវដឹកជញ្ជូនទេ ក៏មិនអាចដោះស្រាយបានទេសម្រាប់ជីវភាពប្រជាជននោះ ៕
អត្ថបទ៖ kbn