រោងចក្រជាច្រើន នៅទូទាំងប្រទេស ដែលបានផ្អាកផលិតកម្មរបស់ខ្លួននោះ ងាកមកផលិតគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ ដើម្បីបំពេញតម្រូវការ នាពេលមានការផ្ទុះឡើង នៃវីរុសកូរ៉ូណា នេះបើតាមវេបសាយព័ត៌មានចិន ស៊ិនហួ ។
នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ រោងចក្រកាត់ដេរមួយ នៅទីក្រុង Fushun ក្នុងខេត្ត Liaoning ភាគខាងជើងប្រទេសចិន បានទិញក្រណាត់និងវត្ថុធាតុដើម ចំនួន១០តោន ហើយចាប់ផ្តើមផលិតរបាំងមុខ(ម៉ាសពេទ្យ)សម្រាប់វេជ្ជសាស្ត្រ ។
ប្រធានរោងចក្របាននិយាយថា “កម្មករប្រហែល២០នាក់ ក្នុងរោងចក្រនេះ អាចផលិតម៉ាស បានជាង៥,០០០ ក្នុងមួយថ្ងៃ ។ របាំងមុខទាំងនេះ រំពឹងថា នឹងត្រូវបានបញ្ជូនទៅពេទ្យដែលកំពុងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ។
ទិន្នន័យពីគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិន ហៅកាត់ NDRC ដែលជាអ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេស បានបង្ហាញថា ប្រទេសចិនផលិតម៉ាស ពាក់កណ្តាលនៃពិភពលោក ជាមួយនឹងទិន្នផល ប្រចាំថ្ងៃចំនួន២០លានម៉ាស ប៉ុន្តែចំនួននោះ នៅតែមិនគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងផ្ទុះឡើងនៅពេលនេះទេ ។
ដោយសារ«ម៉ាស» មិនស្មុគស្មាញក្នុងការផលិតផល ហើយអាចផលិតបានដោយខ្សែសង្វាក់ផលិតកម្មដែលមានស្រាប់ ដោយមិនចាំបាច់កែលម្អច្រើនទេ ប្រទេសចិនបានលើកទឹកចិត្តដល់រោងចក្រ ឱ្យចូលរួមផលិត ម៉ាសការពារ ដើម្បីបង្កើនការផ្គត់ផ្គង់ ។
កាលពីថ្ងៃទី៦ ខែកុម្ភៈ ក្រុមហ៊ុន SGMW ផលិតរថយន្ត ដែលមានមូលដ្ឋាន នៅលីចូវ ក្នុងតំបន់ស្វយ័ត ក្វាងស៊ី ប្រទេសចិន បានប្រកាសថា ខ្លួននឹងកែលម្អ ខ្សែសង្វាក់ផលិតកម្មចំនួន១៤ ដើម្បីផលិតម៉ាស N95 និងម៉ាសពេទ្យផ្សេងទៀត ជាមួយនឹងលទ្ធផលប្រចាំថ្ងៃ ដែលរំពឹងថា នឹងកើនឡើងដល់ជាង១,៧ លានម៉ាស ។
ចំណែករោងចក្រ Foxconn មួយក៏បានចាប់ផ្តើមផលិតម៉ាស នៅថ្ងៃទី៥ ខែកុម្ភៈ ហើយកំពុងដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ ដើម្បីបញ្ជាក់គុណភាព នៃផលិតផលខ្លួន ។
អាជ្ញាធរចិន ក្នុងតំបន់ជាច្រើន ក៏បានដាក់ចេញនូវគោលនយោបាយគាំទ្រ ដូចជាការឧបត្ថម្ភធន, មូលនិធិ, និងការអនុម័តយ៉ាងឆាប់រហ័ស នៃការផ្តល់ហិរញ្ញប្បទាន រួមនឹងការគាំទ្រកម្លាំងពលកម្ម ដើម្បីជួយរោងចក្រផ្លាស់ប្តូរផលិតកម្មខ្លួន ទៅផលិតឧបករណ៍ សម្រាប់វេជ្ជសាស្ត្រ ។
កាលពី៥ឆ្នាំមុន ក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវេជ្ជសាស្ត្រមួយ នៅទីក្រុងសិនយ៉ាង ភាគខាងជើង នៃប្រទេសចិន បានបិទខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន សម្រាប់គ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ ដោយសារតែការគ្រប់គ្រងមិនល្អ ។ បន្ទាប់ពីដឹងថា ក្រុមហ៊ុននៅតែរក្សាទុកឧបករណ៍ និងរោងចក្រ រដ្ឋាភិបាលចិន បានជួយឱ្យខ្លួន ចុះបញ្ជីអាជ្ញាប័ណ្ណអាជីវកម្មរបស់ខ្លួនឡើងវិញ ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ និងបានបែងចែក ថវិកាដើម្បីជួយដល់ការផលិតឡើងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ។
លោក ហ្គៅ វៃ អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុនខាងលើ បានមានប្រសាសន៍ថា “ឥឡូវនេះ យើងអាចផលិតម៉ាសការពារ សម្រាប់វេជ្ជសាស្ត្រ ចំនួន២០,០០០ម៉ាសក្នុងមួយថ្ងៃ ហើយទិន្នផលប្រចាំថ្ងៃ ត្រូវបានប៉ាន់ប្រមាណថា នឹងកើនដល់ ២២០.០០០ ម៉ាស នៅពេលខ្សែផលិតកម្មថ្មី អាចដំណើរបានក្នុងរយៈពេលប្រហែល២០ថ្ងៃទៀត ។
ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុនផលិតមួយចំនួន បានសម្តែងការព្រួយបារម្ភ ចំពោះភាពលើសលុប បន្ទាប់ពីសន្ទុះនៃការផលិតមានការកើនឡើងច្រើន ។ ជាការឆ្លើយតប លោក Lian Weiliang អនុប្រធាន NDRC មានប្រសាសន៍ថា រដ្ឋាភិបាលចិន នឹងក្លាយជាអ្នកទិញចុងក្រោយ ប្រសិនបើ ទីផ្សារមិនអាចទទួលទិញផលិតផលទាំងអស់នេះ (បើលក់សល់ រដ្ឋជាអ្នកទិញយកទាំងអស់) ។
អគ្គលេខាធិការរង NDRC បានឱ្យដឹងថា សមត្ថភាពផលិតម៉ាសពេទ្យ ជាង៧៦ភាគរយ នៅក្នុងខេត្តចំនួន២២ របស់ប្រទេសចិន ចាប់ផ្តើមសម្រុកផលិតឡើងវិញ ចាប់ពីព្រឹកថ្ងៃចន្ទ ទី១១ ខែកុម្ភៈនេះ ៕
អត្ថបទ៖ kbn