នៅពេលដែលនាវា Diamond Princess ត្រូវបានបង្ខាំងទុក នៅកំពង់ផែយ៉ូកូហាម៉ា ប្រទេសជប៉ុន នាវាដឹកអ្នកទេសចរណ៍ MS Westerdam កំពុងតែអត់ផែចត ដោយប្រទេសនានា បានប្រកែកមិនព្រមអោយនាវានេះចូលចតកំពង់ផែរបស់ខ្លួនព្រោះខ្លាច ការរាលដាលនៃវីរុស Covid-19 ប៉ុន្តែទីបំផុតទៅរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យនាវាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿងនេះ ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ ។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្លែងប្រាប់សារព័ត៌មាន FN ឲ្យដឹងថា នាវាទេសចរណ៍ដែលប្រទេសនិងកោះសរុបចំនួន៦ បានបដិសេធមិនអោយចូលចតនេះ នឹងមកចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។
ក្រោយពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងមានការធានាច្បាស់លាស់ ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់ មិនមានអ្នកណាម្នាក់ ផ្ទុកវីរុស Covid-19 នោះទេ ។
បន្ថែមលើនេះ អាជ្ញាធរកម្ពុជានឹងសម្របសម្រួលគ្រប់និតីវិធីទាំងអស់ ទាំងការត្រួតពិនិត្យសុខភាពនៅលើកប៉ាល់, មិនយកថ្លៃ Visa និងសេវាផ្សេងៗ រួមនឹងចែកក្រមាដល់អ្នកដំណើរទាំងអស់នោះផងដែរ ដោយខាងក្រុមហ៊ុននាវាទេសចរណ៍ MS Westerdam បានសម្រេចជួលយន្តហោះសម្រាប់ដឹកជញ្ជូនអ្នកដំណើរទាំងអស់ ពីព្រលានយន្តហោះ ខេត្តព្រះសីហនុ ទៅកាន់អាកាសយានយន្តអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរបន្តត្រឡប់ទៅផ្ទះវិញ តាមប្រទេសរៀងខ្លួនៗ ។
ទាំងនេះបង្ហាញទឹកចិត្តដ៏ប្រពៃបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចំពោះផ្នែកកិច្ចការមនុស្សធម៌ និងគ្មានការរើសអើងពូជសាសន៍ប្រទេសដទៃនោះទេ ។
សូមរម្លឹកថា រដ្ឋមន្ត្រីសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) បាននិយាយថា ប្រទេសថៃមិនអនុញ្ញាតឲ្យកប៉ាល់១គ្រឿងដែលដឹកភ្ញៀវទេសចរណ៍២ ២០០នាក់ ចូលចតនៅឯកំពង់ផែក្រុង ឡេមឆាបាង (Laem Chabang) ទេ ព្រោះខ្លាចមនុស្សនៅលើកប៉ាល់នោះមានអ្នកផ្ទុកវីរុសកូរ៉ូណា មកចម្លងដល់ពលរដ្ឋថៃ។
យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ ដែលចេញផ្សាយនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ថា លោក Anutin បានបង្ហោះសារខ្លីមួយលើបណ្តាញសង្គម Facebook ដោយបញ្ជាក់ថា លោកបានបង្គាប់អាជ្ញាធរថៃ «មិនឲ្យអនុញ្ញាត» ឲ្យកប៉ាល់ទេសចរណ៍ឈ្មោះ វែស្ទឺរដាម (Westerdam) ចូលចតនៅកំពង់ផែប្រទេសថៃដាច់ខាត។
សូមបញ្ជាក់ថា កប៉ាល់ ឈ្មោះ វែស្ទឺរដាម (Westerdam) ដែលដឹកមនុស្សចំនួន ២,២០០នាក់នេះ គឺមានភ្ញៀវទេសចរ ចំនួន ១ ៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ ហើយវាជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិកហូឡេនដ៍ (Holland America) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
កប៉ាល់នេះ បានចាកចេញពីទីក្រុងហុងកុងប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ហើយត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណា ហើយចុងក្រោយនេះ សូម្បីតែប្រទេសថៃ ក៏មិនអញ្ញាតចូលចតដែរ៕
អត្ថបទ៖ kbn