អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់យ៉ាងច្បាស់ថា ក្រសួងបានរៀបចំនូវយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ សម្រាប់ការដោះស្រាយបញ្ហានានា ជាពិសេសក្នុងករណីដែលអាចផ្អាកដំណើរការបណ្ដោះអាសន្នរបស់រោងចក្រមួយចំនួន ដែលអាចកើតឡើងក្នុងកំឡុងខែ មីនា ខាងមុខ ដោយសារកង្វះវត្ថុធាតុដើមមកពីប្រទេសចិន ស្របពេលដែលមានការផ្អាកដំណើរការរោងចក្រនៅចិន ដោយសារការផ្ទុះឡើងនូវ វីរុសកូរ៉ូណា។
បច្ចុប្បន្នភាពរោងចក្រនៅកម្ពុជា ជាពិសេសក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង នៅតែដំណើរការជាធម្មតា ក៏ប៉ុន្តែរោងចក្រមួយចំនួននឹងរងការប៉ះពាល់ខ្វះវត្ថុធាតុដើម ដែលនាំចូលពីប្រទេសចិន ។ កង្វះវត្ថុធាតុដើមនេះ អាចកើតមានឡើងនៅក្នុងខែ មីនា ខាងមុខ ដែលអាចធ្វើឱ្យរោងចក្រក្នុងវិស័យវាយនភណ្ឌ នៅកម្ពុជាមួយចំនួន អាចស្នើសុំផ្អាកដំណើរការបណ្ដោះអាសន្ន ផងដែរទម្រាំមានការផ្គត់ផ្គង់វត្ថុធាតុដើមគ្រប់គ្រាន់ជាធម្មតាវិញ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។
ឯកឧត្តម អ្នកនាំពាក្យ បានបញ្ជាក់ថា ការផ្ទុះឡើងនូវវីរុសកូរ៉ូណានៅប្រទេសចិន ជាមូលហេតុសំខាន់ធ្វើឱ្យខ្វះវត្ថុធាតុដើម ជះឥទ្ធិពលដល់ខ្សែចង្វាក់ផលិតកម្ម និងជំរុញឱ្យរោងចក្រមួយចំនួន អាចផ្អាកដំណើរការបណ្ដោះអាសន្ន នៅតាមបណ្ដាប្រទេសជាច្រើនទាំងក្នុង តំបន់អាស៊ី និងពិភពលោក ពុំមែនកើតឡើងនៅតែប្រទេសកម្ពុជានោះទេ។ ទោះបីជាអាចមានការប៉ះពាល់ក្ដី ឯកឧត្តម ហេង សួរ អះអាងថា ក្រសួងការងារមានយុទ្ធសាស្ត្ររួចជាស្រេចក្នុងការដោះស្រាយ មិនអោយកម្មករកម្មការិនីបាត់បង់ការងារនោះទេ ដោយពួកគាត់នឹងទទួលបាននូវសំណង ការទទួលបានការងារថ្មី ក៏ដូចជា ការបណ្ដុះបណ្ដាលជំនាញបន្ថែមផងដែរ។
តាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ហេង សួរ សព្វថ្ងៃកម្ពុជានៅខ្វះកម្លាំងពលកម្មជាច្រើន ក្នុងការបំពេញតម្រូវការក្នុងវិស័យឯកជន។ ជាក់ស្ដែងនៅខេត្ត ព្រះសីហនុ កំពុងខ្វះកម្លាំងពលកម្មជិត ២ម៉ឺននាក់ ខេត្តកំពង់ស្ពឺ ត្រូវការកម្លាំងពលកម្មបន្ថែម ជិត១ម៉ឺននាក់ ខេត្តកំពង់ចាម ត្រូវការជាង ៥ពាន់នាក់ និងក្នុងរាជធានីភ្នំពេញ ត្រូវការកម្លាំងពលកម្មជាច្រើនទៀត។
ជុំវិញការដែលអាចផ្អាកដំណើរការបណ្ដោះអាសន្នរបស់រោងចក្រមួយចំនួន នៅកម្ពុជាដោយសារកង្វះវត្ថុធាតុដើមនាំចូលពីចិននេះ ខាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ក៏ពុំទាន់ អាចបញ្ជាក់ថា វាអាចអូសបន្លាយក្នុងរយៈពេលមួយណានោះទេ ដោយវាអាស្រ័យលើការគ្រប់គ្រងវីរុសកូរ៉ូណា របស់រដ្ឋាភិបាលចិន និងការចាប់ផ្ដើមដំណើរការប្រក្រតីភាពនៃដំណើរការរោងចក្រនៅទីនោះ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បញ្ជាក់ថា បច្ចុប្បន្នភាពសម្រាប់រោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នាំចូលវត្ថុធាតុដើមពីចិនក្នុងរង្វង់ ៦០% ដោយនឹងមានការប៉ះពាល់ដល់ផលិតកម្ម បើសិនជាក្នុងសប្ដាហ៍នេះ រឺសប្ដាហ៍ក្រោយពុំមានការផ្គត់ផ្គង់វត្ថុធាតុដើមមកដល់កម្ពុជានោះទេ។
លោក បន្តថា នៅពេលរោងចក្រនៅប្រទេសចិនដំណើរការឡើងវិញ វានឹងត្រូវការរយៈពេលប្រមាណ ៤សប្ដាហ៍ ក្នុងការដឹកជញ្ជូនវត្ថុធាតុដើមទាំងនោះ ចូលមកដល់រោងចក្រនៅកម្ពុជា។ យ៉ាងណាម៉ិញ លោកពុំអាចបញ្ជាក់ថា ការខ្វះវត្ថុធាតុដើមនេះ អាចប៉ះពាល់ដល់រោងចក្រចំនួនប៉ុន្មាននោះទេ តែវាប៉ះពាល់ដល់ផលិតកម្ម ហើយបើការផ្អាកដំណើរការបណ្ដោះអាសន្នពិតមែននោះ គឺត្រូវឆ្លងកាត់ តាមនីតិវិធីច្បាប់ ហើយក្រុមហ៊ុន ក៏មានទំនួលខុសត្រូវជូនកម្មករ កម្មការិនី ទៅតាមកម្រិតសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។
ការប៉ះពាល់ដែលបង្កឡើងវីរុសកូរ៉ូណា នៅប្រទេសចិននេះ ក៏បានប៉ះពាល់ដល់ក្រុមហ៊ុនធំៗមួយចំនួន នៅតាមបណ្ដាប្រទេស ដោយសារកង្វះវត្ថុធាតុដើម រឺកង្វះគ្រឿងបង្គំនានា ដើម្បីផលិតផលិតផលសម្រេចផងដែរ។ជាក់ស្ដែងក្រុមហ៊ុន Hyundai បានបិទរោងចក្រនានា របស់ខ្លួនជាបណ្តោះអាសន្ននៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយក្រុមហ៊ុន Nissan ក៏នឹងបិទរោងចក្រនៅក្នុងប្រទេសជប៉ុន ដោយសារកង្វះគ្រឿងបង្គំ មកពីប្រទេសចិនផងដែរ៕
អត្ថបទ៖ btv